សម្តេច ហ៊ុន សែន បានបញ្ជាក់ប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងជំនួបគ្នាមួយនៅក្រុងប៉េកាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា សម្តេចមិនពាក់ម៉ាស់ទេ ហើយបើពាក់ម៉ាស់មិនបាច់មកទស្សនកិច្ចនៅប្រទេសចិនទេ។ សម្តេចបានគូសបញ្ជាក់ទៀតថា ទោះបីមិត្តចិន បានត្រៀមម៉ាស់សម្រាប់សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ។
សម្តេចបានពន្យល់ថា គោលបំណងនៃការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនមាន៣ចំណុច៖
ទី១. បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ
ទី២. ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅ និងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន
ទី៣. បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច ហើយមកដល់ពេលនេះមិនទាន់ពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះទេ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
លោកប្រធានាធិបតីចិន បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជា បានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន លោកពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។ លោកបានគូសបញ្ជាក់ដែរថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តនូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។
លោកបន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកម្ពុជាកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។
លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលចិន មិនចាត់វិធានការភ្លាមៗ និងច្បាស់លាស់ទេ ជំងឺនេះអាចមានគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងនេះ។ កន្លងមកនេះ រដ្ឋាភិបាលចិន បានបង្កើតគណៈកម្មការចំនួន៣ ធ្វើការប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ។ រដ្ឋាភិបាលចិន បានទទួលការគាំទ្រ និងអបអរសាទរពីអង្គការសុខភាពពិភពលោក WHO ចំពោះការព្យាយាមដោះស្រាយនូវជំងឺនេះ។
លោកប្រធានាធិបតី បានឱ្យដឹងថា ទីក្រុងវូហាន មានប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ហើយនៅខេត្តហូប៉ី មានប្រជាពលរដ្ឋចន្លោះពី៦០ ទៅ៧០លាននាក់។ ដោយសារតែមានចំណាត់ការច្បាស់លាស់ និមានប្រសិទ្ធភាព ទើបធ្វើឱ្យការរីករាលដាលជំងឺនេះមានការថមថយ៕
ប្រភព៖ ខ្លីៗ
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន