និយ័តករធានារ៉ាប់រងកម្ពុជា ដែលជាអង្គភាពមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបកស្រាយឱ្យសាធារណៈជនយល់ថា តាមពិតការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋវិញទេ ព្រោះបើសិនជាករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រង នៅពេលមានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវសាធារណៈ នោះរាល់ការចំណាយ ឬការខូចខាតនឹងត្រូវប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន ឬអាចឈានដល់ការខ្ចីបុលគេបន្ថែមទៀត។
ក្នុងខ្លឹមសារសេចក្តីប្រកាសព័ត៌មាននេះ ក៏បានបញ្ជាក់ផងដែរថា ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គម សម្រាប់បុគ្គលម្នាក់ៗ ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ និងត្រូវបានដាក់ឱ្យអនុវត្តស្ទើរតែគ្រប់ប្រទេស នៅលើពិភពលោក។ ដូច្នេះ ការទិញធានារ៉ាប់រងយានយន្តមិនគួរត្រូវបានគេមើលក្នុងផ្លូវអវិជ្ជមាន ដោយចាត់ទុកជាការចំណាយដ៏ធំនោះទេ។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងកំណត់ឱ្យរថយន្តឯកជនគ្រប់ប្រភេទទាំងអស់ ត្រូវតែមានការធានារ៉ាប់រងជាកាតព្វកិច្ច ដែលអាចនឹងអនុវត្តជាផ្លូវការ ចាប់ពីឆ្នាំ២០២២នេះតទៅតែម្តង។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងក្នុងឱកាសចូលរួមក្នុងទិវាធានារ៉ាប់រង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
សូមអានខ្លឹមសារលិខិតលម្អិតដូចខាងក្រោម៖