កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ កិច្ចសន្ទនារវាងប្រធានាធិបតីអាមេរិក ចូ បៃឌិន និងប្រធានាធិបតីចិន Xi Jinping បានបញ្ចប់ ដោយមានគម្រោងនឹងជួបសំណេះសំណាលគ្នាផ្ទាល់ជាលើកដំបូង តាំងពីលោក បៃឌិន ចូលកាន់តំណែង។ នេះបើតាមការឲ្យដឹងពីមន្ត្រីអាមេរិកមួយរូប។
នៅក្នុងជំនួបតាមរយៈ Video Call នោះផងដែរ ថ្នាក់ដឹកនាំប្រទេសចិនហាក់សង្កត់ធ្ងន់ទៅលើបញ្ហាដែលកំពុងកើតមាននៅតៃវ៉ាន់ ខណៈអាមេរិកនៅប្រកាន់ជំហរក្នុងការចង់លូកដៃក្នុងទំនាស់មួយនេះ។
បន្ថែមពីនោះ លោក Xi ហាក់ដូចជាបានគម្រាមអាមេរិកថា កុំប្រឡែងភ្លើងឲ្យសោះ ដ្បិតមមាចដែលមិនខ្លាចភ្លើងគឺ តែងតែខាតបង់អន្សាប៉ុណ្ណោះ។ នេះបើតាមការដកស្រង់សម្ដីរបស់ប្រធានាធិបតីចិន ក្នុងអំឡុងពេលសន្ទនាជាមួយប្រធានាធិបតីអាមេរិក។
យ៉ាងណា ក្នុងកិច្ចសន្ទនានោះទៀតសោត គឺមិនមែនផ្ដោតតែលើបញ្ហាតៃវ៉ាន់ឡើយ ពោលថ្នាក់ដឹកនាំមហាអំណាចទាំង ២ ក៏បានជជែកគ្នាពីបញ្ហាផ្សេងៗដូចជា បម្រែបម្រួលអាកាសធាតុ សុវត្ថិភាពសុខភាព និងលទ្ធភាពនៃការសហការគ្នាផងដែរ។
ដោយឡែក CNBC បានចុះផ្សាយថា សម្រាប់ការជួបគ្នាផ្ទាល់រវាងលោក ចូ បៃឌិន និង Xi Jinping គឺមិនទាន់កំណត់កាលបរិច្ឆេទបាននៅឡើយ ដោយគ្រាន់តែបង្ហើបថា បុគ្គលមានឥទ្ធិពលទាំង ២ រូបនេះ គឺនឹងរក្សាទំនាក់ទំនងគ្នា ខណៈព័ត៌មានថ្មីៗនឹងអាប់ដែតបន្តទៀត៕