តាមពិតសេវាកម្មធានារ៉ាប់រងចាប់កំណើតដំបូងតាំងពីជិត ៣០០ឆ្នាំ មកមុនម៉្លេះ!

អន្តរជាតិ

បើនិយាយដល់រឿងធានារ៉ាប់រង គឺត្រូវបានរកឃើញដំបូងដោយ លោក Benjamin Franklin នៅក្នុងទឹកដីសហរដ្ឋអាមេរិក នៅពេលដែលលោកបានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Philadelphia Contributionship នៅក្នុងឆ្នាំ ១៧៥១ ហើយវាត្រូវបានចាត់ទុកថាជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់ការធានារ៉ាប់រងចំពោះអគ្គីភ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សម្រាប់ការធារ៉ាប់រងលើរថយន្តវិញ គឺត្រូវបានគេយល់ឃើញថា បានកើតមាននៅមុនសម័យកាលរបស់ លោក Ben Franklin បន្តិច ប៉ុន្តែវាមិនមានការទទួលស្គាល់ទូលំទូលាយនោះឡើយ ។

លុះដល់ឆ្នាំ ១៨៩១ គ្រោះថ្នាក់ចរាចរណ៍ដំបូងបង្អស់បានកើតឡើង នៅពេលដែលលោក James William Lambert ដែលត្រូវស្គាល់ថាជាអ្នកបង្កើតរថយន្ត បានបើកបុកជាមួយឬសឈើ បណ្តាលឱ្យគាត់បាត់បង់ការគ្រប់គ្រង និងបន្តបុកជាបង្គោលភ្លើងបន្ថែមទៀត។ ជាសំណាងល្អ លោក Lambert និងអ្នករួមដំណើរជាមួយគាត់ មិនបានរងរបួសធ្ងន់ធ្ងរនោះឡើយ ។

ហើយរហូតដល់ឆ្នាំ ១៨៩៧ គោលការណ៍ចំពោះការធានារ៉ាប់រងលើរថយន្តដំបូងបំផុត ត្រូវបានចេញទៅឱ្យ លោក Gilbert J. Loomis នៅក្នុងទីក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក ដោយ លោក Loomis បានទិញយកសេវាពីក្រុមហ៊ុនធានារ៉ាប់រង Travelers  ក្នុងតម្លៃ ១ ០០០ ដុល្លារ សម្រាប់ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុរបស់គាត់ ប្រសិនបើរថយន្តរបស់គាត់ប៉ះត្រូវនរណាម្នាក់ ឬខូចខាតចំពោះផ្នែកណាមួយនៃរថយន្ត ។

Massachusetts និង Missouri នៅក្នុងឆ្នាំ ១៩០៣ បានក្លាយជារដ្ឋដំបូងគេ ដែលតម្រូវឱ្យអ្នកបើកបរទទួលបាន និងកាន់ប័ណ្ណបើកបរ ដែលជាការរឹងបន្តឹងទៅលើការបើកបរដំបូងបំផុត។ ហើយរហូតមកដល់ឆ្នាំ ១៩២៧ រដ្ឋ Massachusetts បានបង្កើតប្រវត្តិសាស្រ្ត ដោយបានក្លាយជារដ្ឋដំបូងគេ ដែលតម្រូវឱ្យម្ចាស់រថយន្តទាំងអស់ ចាំបាច់ត្រូវតែទិញយកធានារ៉ាប់រងរថយន្ត ។

នៅ ២៩ ឆ្នាំក្រោយមក រដ្ឋផ្សេងទៀត បានចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍ នៃច្បាប់ធានារ៉ាប់រងរថយន្តជាកាតព្វកិច្ច ហើយបានអនុវត្តតាមការដឹកនាំរបស់ រដ្ឋ Masssachusetts ដោយទីក្រុងញូវយ៉ក ចាប់ផ្តើមមុនគេ និង North Carolina បានអនុវត្តបន្ទាប់ ។

រហូតមកទល់សព្វថ្ងៃនេះ ការធានារ៉ាប់រងចំពោះយានយន្តពិតជាមានសារ:សំខាន់ខ្លាំង គឺដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ព្រោះថាប្រសិនមានករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រងទេនោះ ពេលមានគ្រោះថ្នាក់នៅលើដងផ្លូវ រាល់ការចំណាយ ឬខូចខាត នឹងត្រូវប្រើប្រាស់ប្រាក់របស់ខ្លួនផ្ទាល់ ។

ទន្ទឹមនឹងនេះផងដែរ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោង​នឹង​កំណត់​ឱ្យ​រថយន្ត​ឯកជន​គ្រប់​ប្រភេទ​ទាំង​អស់ ត្រូវ​តែ​មាន​ការ​ធានារ៉ាប់រង​​​​ជា​កាតព្វកិច្ច ដែល​អាច​នឹង​អនុវត្ត​ជា​ផ្លូវការ​ ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​តែ​ម្តង។ នេះ​បើ​តាម​ប្រសាសន៍​របស់​ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវាហិរញ្ញវត្ថុមិនមែនធនាគារ បាន​ថ្លែង​ក្នុង​ឱកាស​ចូល​រួម​ក្នុង​ទិវា​ធានារ៉ាប់រង កាល​ពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២៕