ថ្ងៃខួប ៥ឆ្នាំទទួលគោមរងារ «សម្តេចពិជ័យសេនា» នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បានបង្ហាញឯកសារពន្យល់ខ្លឹមសារ

សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ជាខួប ៥ឆ្នាំ នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះ​រាជក្រឹត្យ ប្រោស​ព្រះរាជទាន​គោរមងារ «សម្តេច​ពិជ័យ​សេនា» កាល​ពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃខួប ៥ឆ្នាំនេះដែល សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវព្រះរាជក្រឹត្យ និងការពន្យល់អត្ថន័យគោរមងារ អមដោយសារក្នុងន័យដើមយ៉ាងដូច្នេះថា៖ ថ្ងៃនេះ ជាខួប៥ឆ្នាំ«២៩ កក្កដា ២០១៧-២៩ កក្កដា ២០២២» ដែលព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ«សម្តេចពិជ័យសេនា»ដល់រូបខ្ញុំ ដើម្បីបំរើជាតិ មាតុភូមិ។

ក្រសួងព្រះបរមរាជវាំង បានពន្យល់គោរមងារ «សម្តេច ពិជ័យសេនា មានន័យថា អ្នកមានថ្វីដៃឈ្នះក្នុងសង្គ្រាម» ពាក្យ «សម្តេច» ត្រូវបានឲ្យនិយមន័យថា៖ «អ្នកមានតេជះ, អ្នកមានគុណបំណាច់ដ៏ខ្ពង់ខ្ពស់បំផុត» ឯពាក្យ «ពិជ័យ» ផ្តល់ន័យថា៖ «ការឈ្នះ» ចំណែកពាក្យ «សេនា» ត្រូវបានដាក់ន័យថា៖ «អ្នកមានថ្វីដៃ» ។

ត្រឹមឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ មានអាយុ ៧៧ឆ្នាំ មាន​បងប្អូន​បង្កើត ៥​នាក់ កើត​នៅ​ភូមិ​កោះ​ស្រឡៅ ឃុំកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង។ សម្តេចពិជ័យសេនា ត្រូវបានអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រ ទី២៤ធ្នូ ឆ្នាំ២០២១ បសម្រេចបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេបំផុតនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៣៧នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ។

តទៅនេះសារព័ត៌មានឧកញ៉ាញូស៍ បន្តបង្ហាញពី​ប្រវត្តិ​ការងារសម្តេចពិជ័យសេនា ទៀ បាញ់ ដូចខាងក្រោម៖

  • នៅឆ្នាំ១៩៧៩៖ ប្រធាន​យោធា​ខេត្ត​កោះកុង
  • ខែ​កក្កដា ឆ្នាំ​១៩៧៩៖ ប្រធាន​ស្នងការ​ហ្វឹកហ្វឺន​អគ្គសេនាធិការ​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៧៩-១៩៨០៖ អនុ​ប្រធាន​អគ្គសេនាធិការ​ទទួល​បន្ទុក​វិទ្យុ​ទាក់ទង​អាកាសចរ
  • ឆ្នាំ​១៩៨០-១៩៨២៖ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស ទទួល​បន្ទុក​វិទ្យុ​ទាក់ទង​អាកាសចរ បច្ចេក​ទេស ហិរញ្ញវត្ថុ និង​កិច្ច​ទាក់ទង​អន្តរជាតិ​យោធា
  • ឆ្នាំ​១៩៨២-១៩៨៤៖ រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ ដឹក​ជញ្ជូន និង​ប្រៃសណីយ៍
  • ឆ្នាំ​១៩៨៤-១៩៨៧៖ អនុរដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ដឹក​ជញ្ជូន និង​ប្រៃសណីយ៍
  • ឆ្នាំ​១៩៨៧-១៩៨៨៖ អនុរដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៨៨-១៩៩៣៖ សមាជិក​រដ្ឋសភា អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក្នុង​រដ្ឋាភិបាល​បណ្តោះ​អាសន្ន និង​ជា​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៩៣-១៩៩៤៖ សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ
  • ឆ្នាំ​១៩៩៤-១៩៩៥៖ សហ​អគ្គ​មេបញ្ជាការ​រង និង​ជា​សហរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៩៥-១៩៩៨៖ ទេសរដ្ឋមន្ត្រី និង​ជា​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​១៩៩៨-២០០០៖ នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ទេសរដ្ឋមន្ត្រី និង​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • ឆ្នាំ​២០០០-២០០៤៖ ឧប​នាយករដ្ឋមន្ត្រី សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • នៅថ្ងៃទី ២២ ខែ​មីនា ឆ្នាំ២០០៦ មក​ដល់​បច្ចុប្បន្ន៖ ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ៕