Evergrande កំពុងប្រកាសលក់ទីស្នាក់ការកណ្តាលរបស់ខ្លួន នៅហុងកុង ដើម្បីដោះស្រាយវិបត្តិបំណុល

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande Group ថ្មីៗនេះ កំពុងប្រកាសលក់ទីស្នាក់ការកណ្តាលរបស់ខ្លួន នៅក្នុងទីក្រុងហុងកុង តាមរយ:ការដាក់ដេញថ្លៃមួយ ដែលបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង CK Asset បានបញ្ជាក់ថា ខ្លួនបានចូលរួមក្នុងការដេញថ្លៃនេះ ។ នេះបើយោងតាប្រភពពីសារព័ត៌មានធំៗជាច្រើនបានចុះផ្សាយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ ក្រុមហ៊ុន Evergrande បាននឹងកំពុងព្យាយាមដាក់លក់អគារ China Evergrande Centre កម្ពស់ ២៦ ជាន់របស់ខ្លួន នៅក្នុងសង្កាត់ Wan Chai ទីក្រុងហុងកុង បន្ទាប់ពីកិច្ចព្រមព្រៀងលក់តម្លៃ ១,៧ ពាន់លានដុល្លារ ត្រូវបានបរាជ័យ កាលពីឆ្នាំមុន ។

ប្រភពខាងលើបាននិយាយទៀតថា ប្រាក់ចំណូលពីការលក់អគារនៅហុងកុងនេះ នឹងត្រូវប្រើប្រាស់ ដើម្បីសងម្ចាស់បំណុលក្រៅប្រទេស ដែលជាផ្នែកមួយនៃការផែនការ ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ខណ: Evergrande ត្រូវបានគេរំពឹងថានឹងប្រកាស នៅក្នុងសប្តាហ៍នេះ ។

មិនតែប៉ុណ្ណោះ ប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុងជាច្រើន បានចូលរួមដាក់ពាក្យនៅក្នុងការដេញថ្លៃទិញយកអគារនេះ ។

ថ្មីនេះក្រុមហ៊ុន Evergrande បានជួលក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Cushman & Wakefield ធ្វើជាភ្នាក់ងារ ដើម្បីលក់អគារការិយាល័យរបស់ខ្លួនមួយនេះ ស្របពេលកាសែត Financial Times បានរាយការណ៍ថា កិច្ចព្រមព្រៀងលក់អគារនេះបានធ្លាក់ថ្លៃមកនៅត្រឹម ១,១៥ ពាន់លានដុល្លារប៉ុណ្ណោះ ពីតម្លៃដែលធ្លាប់បានប្រកាសលក់ ១,៧ ពាន់លានដុលារ កាលពីឆ្នាំមុន ។

ក្រុមហ៊ុនអចលនទ្រព្យ CK Asset ដែលបង្កើតឡើងដោយមហាសេដ្ឋីហុងកុង លោក Li Ka-shing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់សំណើដេញថ្លៃសម្រាប់ទិញយកអគារ China Evergrande Centre នេះ ៕