ខណ្ឌជ្រោយចង្វារ ត្រូវបានមើលឃើញថា ជាតំបន់មួយមានការរីកលូតលាស់យ៉ាងខ្លាំង និងមានសក្ដានុពលខ្លាំង ដោយសារតំបន់នេះ មានការអភិវឌ្ឍលឿនជាងតំបន់ផ្សេងៗទៀតដែលនៅរាជធានីភ្នំពេញ។ តំបន់នេះមិនត្រឹមតែជាតំបន់ ដែលបានសក្ដានុពលខ្លាំង ក្នុងការអភិវឌ្ឍន៏ផ្នែកពាណិជ្ជកម្មនោះទេ វាក៏ជាតំបន់ដ៏ល្អសម្រាប់ការរស់នៅ។
ការអភិវឌ្ឍដ៏ឆាប់រហ័សនេះ ត្រូវបានពាណិជ្ជករកំពុងវិនិយោគស្ទើគ្រប់វិស័យក្នុងពិភពជំនួញនៅកម្ពុជា ឧកញ៉ា ស្រី ចាន់ថន បានគូសបញ្ជាក់ពីការដឹកនាំគ្រប់គ្រង និងត្រួសត្រាយផ្លូវដ៏ល្អសម្រាប់ធ្វើធុរកិច្ចរបស់វិនិយោគិននៅខណ្ឌជ្រោយចង្វាររបស់លោក ឃ្លាំង ហួត ដែលជាអភិបាលខណ្ឌមួយទទួលបានប្រជាប្រិយភាពលេចធ្លោ ក្នុងការបំរើប្រជាជនធានាសុខសុវត្ថិភាពនៃការរស់នៅ។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក ឃ្លាំង ហួត រួមទាំងអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ និងស្នងការរងទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ហ៊ុន សុរិទ្ធី ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតាំងជាអភិបាលរងរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាគណៈនៃគណៈអភិបាល។
ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប តាមរយៈទំព័រហ្វេសបុកនៅរសៀលថ្ងៃសុក្រ ទី៣០ កក្កដានេះ បានអបអរសាទរ លោក ឃ្លាំង ហួត ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់នូវការអាណិត ស្រលាញ់ និងសេចក្ដីទុកចិត្ត តែងតាំងជា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកឧកញ៉ាថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំរបស់ឯកឧត្ដមក្នុងនាមជាអភិបាលខណ្ឌជ្រោយចង្វារ សង្កេតឃេីញថា ខណ្ឌជ្រោយចង្វារមានការរីកចម្រេីន មានការអភិវឌ្ឍ និងធានាបាននូវការការពារសន្ដិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អ»។
ជាថ្មីម្តងទៀត ឧកញ៉ា ស្រី ចាន់ថន ក៏បានគោរពជូនពរ លោក ឃ្លាំង ហួត និងក្រុមគ្រួសារ ជួបប្រទះនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕