សភាពាណិជ្ជកម្មព្រះសីហនុ បើកកិច្ចប្រជុំជាមួយស្ថាប័នមេធាវី ជំរុញការដោះស្រាយបញ្ហាអគារជាប់គាំងប្រមាណ១១៥០កន្លែង 

សង្គម​ និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បើកកិច្ចប្រជុំមួយដែលចូលរួមពីក្រុមការងារ Continent Asset Management និងតំណាងស្ថាប័នមេធាវី ETC ដើម្បីស្វែងរកដំណោះស្រាយបញ្ហាជាប់គាំក្នុងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ក្រោមវត្តមាន ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំបានពិភាក្សាករណីសំខាន់ៗចំនួន ៣ទាក់ទងនឹងវិស័យអចលនទ្រព្យ និងវិនិយោទុនលើសំណង់អគារដីធ្លីជួលដែលគាំងស្ទះនៅទីក្រុងព្រះសីហនុ ដែលជាផ្នែកដ៏សំខាន់មួយនៃការយកចិត្តទុកដាក់ របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ។

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឲ្យដឹងថា អង្គប្រជុំបានយកចិត្តទុកដាក់ក្នុងការផ្តល់និងប្រមូលធាតុចូលដោយមានការរួមមតិយោបល់ពីមេធាវីអាជីពពីស្ថាប័នមេធាវី ETC ក្នុងទិសដៅមួយស្វែងរកដំណោះស្រាយសមស្របទទួលយកបានប្រកបដោយភាពឈ្នះ-ឈ្នះ។

គួររម្លឹកថា វិស័យ​សំណង់​ក្នុង​ខេត្ដ​ព្រះសីហនុ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៧ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​​មាន​សំណង់​សរុប ១ ៦៦១ គម្រោង ជាមួយទុនវិនិយោគ មាន​ប្រមាណ​ជាង​ ៨ ៤០០ ​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​សំណង់​អគារ​ខ្ពស់​ចាប់ពី ៥ ជាន់ រហូតដល់ ៥៣ ជាន់ គឺមាន​ចំនួន ៦២០ គម្រោង​។

ស្ថិតក្នុងវិបត្តិកូវីដ១៩ ក្រុមវិនិយោគិនចិនភាគច្រើនដែលវិនិយោគនៅខេត្តព្រះសីហនុ បានត្រឡប់ទៅស្រុកកំណើតវិញ ដោយបន្សល់ទុកអគារជាច្រើនគម្រោងជាប់គាំង ខ្លះមានវិវាទ ខណៈសំណុំរឿងខ្លះឡើងដល់ដៃតុលាការទៅហើយ ប៉ុន្តែភាគច្រើនមានម្ចាស់ទីតាំងជាជនជាតិខ្មែរ។

ស្របពេលជាមួយគ្នានេះ ថ្មីៗនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ ​និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការរួមគ្នា​ជាមួយវិស័យឯកជនដើម្បី​ឲ្យ​អគារ​ ១១៥០​ទីតាំង​រស់​ឡើង​វិញ។ យ៉ាងណា គិតមកដល់ចុងខែកក្កដានេះនៅមិនទាន់មានដំណោះស្រាយជាវិជ្ជមានណាមួយឡើយ៕