ផលិតករ ឆាយ បូរ៉ា មានអារម្មណ៍ឈឺចាប់នៅពេលប្រទេសជិតខាងមើលងាយបង្អាប់ភាពយន្តខ្មែរដល់ថ្ងៃអវសាន

កម្សាន្ត

អ្នកនិពន្ធ និងជាផលិតករជើងចាស់ល្បីឈ្មោះ លោក ឆាយ បូរ៉ា បានចេញមកប្រតិកម្មនឹងការលើកឡើងរបស់ទំព័រហ្វេសប៊ុកផេកមួយ អមដោយរូបភាពតារាសម្តែងថៃ ប៉ុន្តែសរសេរចំណងជើងជាភាសាខ្មែរថា បុព្វេសន្និវាស ២ និងចំណងជើងជាភាសាអង់គ្លេសដែលមានន័យថា៖ ឥទ្ធិពលរបស់ថៃ លើផ្ទៃកម្ពុជានិង ចោទសួរថា តើឧស្សាហកម្មភាពយន្តខ្មែរ ដល់ទីអវសាន ឬយ៉ាងណា? និងអក្សរតូចៗ សសេរថា៖ យុវជនខ្មែរ បានផ្សាំខ្លួនសន្សឹមៗទៅក្នុងវប្បធម៌ថៃ និងបានប្រែក្លាយខ្លួន យ៉ាងងប់ងល់ ក្នុង វប្បធម៌សៀម ដែលវានឹងអាចធ្វើអោយ បាត់បង់ អត្តសញ្ញាណ ជាតិខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឆាយ បូរ៉ា បានសរសេរលើទំព័រហ្វេសប៊ុកថា អត្តបទនេះមានខ្លឹមសារ បន្ទោសបង្អាប់ផង នឹងក៏ដូចជាសារដាស់តឿនដល់យុវជនខ្មែរផង អោយចេះភ័យព្រួយ ពីការបាត់បង់ អត្តសញ្ញាណជាតិ ប្រសិនបើយើងអានហើយ យើងយកមកពិចារណា។

លោកថា ក្នុងនាមជាខ្មែរ និងជាផលិតករមួយរូប អានចំណងអត្ថបទនេះហើយ មានអារម្មណ៍ឈឺចាប់ផង ហើយក៏ខំប្រឹងតស៊ូទៅមុខទៀត ដើម្បីអភិវឌ្ឍន៍ខ្លួន ក្នុងវិស័យភាពយន្ត។

អតីតប្រធានសមាគមភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា បានគូសបញ្ជាក់ថា យើងមិនរើសអើង នៃស្នាដៃរបស់សិល្បករ នៃជាតិសាសន៍ដ៏ទៃទេ នៅពេលដែលយើងដឹងថា វប្បធម៌ក្មេងខ្ចីរបស់គេ គេរមែងតែងប្រមែប្រមូល វប្បធម៌របស់ប្រទេសជិតខាង មកឆ្នៃប្រឌិតអោយមានភាពប្រណិតសម្រាប់វប្បធម៌គេ។ តែយើង ខ្លួនឯងទេ ដែលត្រូវខិតខំ ចងក្រង ការពារ ដោយមិនត្រូវផ្ញើរទុក លើផ្ទាំងសិលា ឬក្នុងសិលាចារឹកឡើយ។

យ៉ាងណា លោកថ្លែងបញ្ជាក់បន្ថែមថា៖ “យើងកុហកខ្លួនឯង យូរណាស់មកហើយ យើងបានត្រឹមផ្ញើរ អត្តសញ្ញាណជាតិលើមនសិការនៃពលរដ្ឋម្នាក់ៗប៉ុណ្ណោះ។ ទោះជាក្នុងកាលៈទេសៈណា យើងនៅតែដើរទៅមុខទៀត”។

ចូលដល់ឆ្នាំ ២០២២ ដល់ ខែសីហា បន្ទាប់ពី រលកនៃជម្ងឺរាតត្បាតកូវីដ១៩ រសាត់បាត់ទៅ វិស័យភាពយន្តខ្មែរ ហាក់កក្រើកឡើងវិញបន្តិច ដោយមានការដាក់បញ្ចាំង តាមរោងភាពយន្តជាហូរហែរ។

លោក ឆាយ បូរ៉ា បន្ថែមទៀតថា ភាពយន្តខ្លះក៏ជោគជ័យ ភាពយន្តខ្លះក៍មិនទទួលបានការគាំទ្រដែរ។ មតិរិះគន់លើភាពយន្តខ្មែរ មានច្រើន ឥតគណនា ទៅលើខ្លឹមសារ និងគុណភាព។ ទស្សនិកជន មួយភាគក៏អស់សង្ឃឹម ក្នុងការគាំទ្រភាពយន្តខ្មែរ ។ ផលិតករមួយចំនួន ចេញមុខដោយសេចក្តីក្លាហាន តទល់ ជាមួយមតិរិះគន់ ហើយមិនព្រមទទួលយក មតិរិះគន់ ដើម្បីអភិវឌ្ឍន៍ខ្លួនទេ តែបែរជាស្តីបន្ទោស អោយមហាជនឥតសំចៃ។ យើងភ្លេចគិតថា៖ ទស្សនិកជន ជាម្ចាស់នៃ តម្លៃសំបុត្រ ៣ ដុល្លារ និងជាម្ចាស់នៃ ពេលវេលា ២ម៉ោង ដ៏មានតម្លៃ។ នេះបង្ហាញ ពីចរន្ត ដើរផ្ទុយគ្នា និងសញ្ញាមិនល្អ នៃវិស័យភាពយន្ត។

លោកថ្លែងថា៖ “ខ្ញុំគិតថា យើងជាផលិតករ គួរដកឃ្លាមកគិត ហើយពិចារណាសារជាថ្មី តើយើងគួរចាប់ផ្តើម ដើរ លើវិថីដដែលៗ ឬ សម្រាក ឬ ត្រូវប្តូរទិស? មានពេលខ្លះ សេចក្តីស្រឡាញ់ វិស័យភាពយន្ត តែលើបបូរមាត់ ភ្លេចក្រឡេកមើល ពីលទ្ធភាព សមត្ថភាព វាជាថ្នាំមកបំពុលវិស័យនេះទៅវិញទេ។ អត្ថបទភាពយន្ត ជា ចំនុចសំខាន់ដែលត្រូវចាប់ផ្តើមមុនគេ”។

លើសពីនេះ លោកបានសង្កត់ធ្ងន់ទៅលើពាក្យពេចន៍ អសុរស ឈុតឆាករោលរាល គ្មានសីលធម៏ មិនមានក្នុង វេយ្យាករណ៍ ភាពយន្តទេ៕