អារ៉ាប៊ីសាអូឌីត គ្រោងសាងសង់ទីក្រុងឆ្លាតវៃ ធ្វើពីកញ្ចក់ លាតសន្ធឹងប្រវែងជាង ១៧០ គីឡូម៉ែត្រ

អន្តរជាតិ

ថ្មីៗនេះ រូបភាពគំរូជាច្រើននៃទីក្រុងឆ្លាតវៃនាពេលអនាគតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលហៅថា ” The Line “ ត្រូវបានចែកចាយពាសពេញបណ្តាញសារព័ត៌មានធំៗជាច្រើន ហើយសម្រាប់គម្រោងទីក្រុងថ្មីនេះផងដែរ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅទូទាំងពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងទីក្រុង The Line នេះ ត្រូវបានប្រកាសដំបូងនៅឆ្នាំ ២០២១ ដោយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed Bin Salman ដោយនឹងត្រូវសាងសង់ជាទីក្រុងឆ្លាតវៃ គ្មានផ្លូវ និងគ្មានរថយន្ត ហើយនឹងត្រូវដំណើរការដោយថាមពលកកើតឡើងវិញសុទ្ធសាធ ។

បើយោងតាមសេចក្តីថ្លែងការណ៍នៅក្នុងស្រុក បានបង្ហាញថាគម្រោងនេះ នឹងលាតសន្ធឹងជាង ១៧០ គីឡូម៉ែត្រ ជាមួយអគារខ្ពស់កប់ពពកពីរ អមសងខាងគ្នា និងបំពាក់ដោយកញ្ចក់ ដែលលាតសន្ធឹងកាត់វាលខ្សាច់ រហូតដល់សមុទ្រ ហើយវានឹងអាចផ្តល់ជាផ្ទះ សម្រាប់ប្រជាជនរស់នៅដល់ ៩ លាននាក់ នាពេលអនាគត ។

ជាងនេះទៅទៀត អគារដែលសាងសង់ដោយកញ្ចក់នេះ មានទទឹងប្រហែល ២០០ ម៉ែត្រ និងមានកម្ពស់រហូតដល់ ៥០០ ម៉ែត្រ ហើយដោយសារតែគ្មានផ្លូវ និងរថយន្ត នោះវានឹងអនុញ្ញាតឱ្យមានការប្រើប្រាស់រថភ្លើងល្បឿនលឿន ដែលអាចដឹកជញ្ជូនមនុស្សពីចុងម្ខាងនៃទីក្រុង ទៅចុងម្ខាងទៀត ដោយចំណាយពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ។

សម្រាប់ការគ្រប់គ្រងអាកាសធាតុវិញ ទីក្រុងទាំងមូលនឹងមានប្រព័ន្ធខ្យល់ចេញចូលធម្មជាតិ ដែលអាចរក្សាសីតុណ្ហភាព និងមានលក្ខខណ្ឌរស់នៅប្រកបដោយ​ផាសុកភាព​ពេញមួយឆ្នាំ បើទោះពីជាទីក្រុងនេះ ស្ថិតនៅកណ្តាលវាលខ្សាច់ក៏ដោយ ។

បញ្ជាក់ផងដែរថា ការសាងសង់ទីក្រុងនេះ បានចាប់ផ្តើមរួចហើយ ខណ:ពេលដែលប្រទេសអារ៉ាប៊ីអូឌីត រំពឹងថា នឹងមានប្រជាជនចំនួន ១,៥ លាននាក់ រស់នៅក្នុងទីក្រុង The Line ដំបូងគេ នៅក្នុងឆ្នាំ ២០៣០ ៕