អ្នកឧកញ៉ា ម៉ុង ឫទ្ធី កោះហៅកូនៗមកបែងចែកទ្រព្យឱ្យហើយ ដោយសារលោកត្រូវវះកាត់ឆាប់ៗ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ​អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​ ម៉ុងឫទ្ធី​គ្រុប ​​​បាន​​​ជួប​ប្រជុំ​លក្ខណៈ​គ្រួសារ​ ដោយ​លោក​បាន​ធ្វើ​លិខិត​​​​ស្រប​ច្បាប់​ក្នុង​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​​ឱ្យ​ទៅ​កូន​ប្រុស​ស្រី​ និង​កូន​ប្រសារ​របស់​លោក​ ឱ្យ​រួច​រាល់​ឱ្យ​ហើយ ខណៈ​ដែល​សុខភាព​របស់​លោក​​​មិន​សូវ​ល្អ​ប្រសើរ និង​ត្រូវ​ធ្វើ​ការ​​​វះកាត់ ​​នៅ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់​​ក្រុមហ៊ុន​កសិ-ឧស្សាហកម្ម​ធំ​បំផុត​​​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​រូប​នេះ​ បាន​បង្ហោះ​សារ​​រៀប​រាប់​លើ​ហ្វេសប៊ុក នា​រសៀល​ថ្ងៃ​សៅរ៍​នេះ​ថា៖ “នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋាន​អភិវឌ្ឍន៍កសិ​ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា​ និងកូនៗ ព្រមទាំង​មាន​មេធាវី​ចូលរួម​ដឹងឮ​ផងដែរ”។

អ្នកឧកញ៉ា ​​បាន​​បន្ត​ថា បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួន​លោក​ផ្ទាល់ បានសង្កេតឃើញថា​ អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុន និងសម័យបច្ចុប្បន្នមួយចំនួន មិន​បានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន មុនពេលលាចាកលោកនេះទៅនោះទេ​ ដោយបន្សល់ទុកអោយ​កូនៗដែលជាទាយាទ ដែលត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ដណ្ដើមយកទ្រព្យ ប្ដឹងផ្ដល់គ្នា​ឡើងតុលាការ ពេលខ្លះតាមធ្វើឃាត កាប់សម្លាប់គ្នាក៏មានដែ​ ដោយសារតែទ្រព្យសម្បត្តិដែលជា​កេរ្តិ៍មរតក​របស់ឪពុកម្ដាយ មិនមានការចាត់ចែងធ្វេី​ប្រទានកម្ម​ឱ្យបានច្បាស់លាស់ជាមុន។

ម៉្យាងទៀតដោយសារស្ថានភាពជំងឺរបស់លោក​នាពេលនេះ លោកវេជ្ជបណ្ឌិតតម្រូវឱ្យទៅ​ធ្វើការវះកាត់នៅ​ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបាន​ជោគ​ជ័យ ១០០% ដែរឬយ៉ាងណានោះទេ ដូច្នេះហើយ ទើបតម្រូវឱ្យរូបលោក​កោះហៅ​ប្រពន្ធ​​និងកូនៗ​មកប្រជុំ​ ដើម្បី​ធ្វើ​ប្រទានកម្ម​នេះអោយហើយ​ បើសិនណាជាមានគ្រោះចង្រៃ​អ្វីមួយកើតឡើងដោយ​ចៃដន្យ​នោះ ថ្ងៃនេះ​លោក​ត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយ​ផ្លូវសម្រាប់អោយ​ពួកគាត់ដើរ​ឱ្យហើយ​ គឺតាម​រយៈប្រទានកម្មនូវទ្រព្យសម្បត្តិរបស់លោក​ និងប្រពន្ធដែលមាន។

បើតាមគំនិតយោបល់ផ្ទាល់ខ្លួន អ្នក​ឧកញ៉ា​យល់​ថា​ បុគ្គលគ្រប់រូបដែលមានទ្រពសម្បត្តិតិចក្តី ច្រើនក្តី គួរតែ​ធ្វើប្រទានកម្ម ឬមតកសាសន៍ ដោយមានចាស់ទុំជិតខាង អាជ្ញាធរមូលដ្ឋាន ឬមេធាវី មកធ្វើជាសាក្សីដឹងឮ ដើម្បីបញ្ជៀសកុំឱ្យមានជម្លោះក្នុងគ្រួសារ​ ទៅថ្ងៃ​ក្រោយពេលដែលយើងទទួលមរណភាព​ ដោយចៃដន្យ​ពេលណាមួយ​ ។ ​​

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បាន​​បញ្ជាក់​បន្ថែម​ថា បុគ្គល​ដែលអាច​ហាន​លះបង់​ ធ្វើ​ប្រទានកម្ម​ ឬ​មរតសាស៍នេះ​បាន ទាល់តែ​បុគ្គល​ទាំងឡាយនោះ​យក​ព្រះ​ធម៌​ ៣ប្រការ​មកគោរព​ប្រតិបត្តិ​តាម​នោះគឺ​ ១​ នាមរូបំ​អនិច្ចំ​ មានរូបមិនទៀង​ ២​នាមរូបំទុក្ខំ​ មានរូបមាន​ទុក្ខ​ ៣​ នាមរូបំ​អនត្តា​ មាន​រូប​មិនមែន​ជារបស់យើងទេ​ ។ ខ្លួនយើង​និង​ទ្រព្យសម្បត្តិ​ ពិតជា​មិនមែនជា​របស់យើង​ទេ​​ នៅពេលដៃយើង​មិនទាន់​ជាប់​ស៊ីរ៉ូម​ ត្រូវ​ខិតខំ​ធ្វើ​បុណ្យ​ដាក់ទាន​​អោយបានច្រើន​ នៅសល់​ប៉ុន្មាន​ធ្វើ​ប្រទានកម្ម​អោយកូនៗ​អោយហើយទៅ៕