រដ្ឋបាលថ្នាក់កណ្តាល ឬ ថ្នាក់ជាតិគឺនៅទីស្តីការគណៈរដ្ឋមន្រ្តី ទីស្តីការក្រសួង ទីស្តីការរដ្ឋលលេខាធិការដ្ឋាននិងទីស្តីការស្ថាប័នរដ្ឋដទៃទៀត ដែលភាគច្រើនស្ថិតនៅរាជធានីភ្នំពេញ។
នៅក្នុងសមាសភាពរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ពីវិសមិតភាព ដែលជាការហាមឃាត់ចំពោះសមាជិករាជរដ្ឋាភិបាលមិនឱ្យបំពេញមុខងារច្រើន ក្នុងពេលតែមួយ ក្នុងអាណត្តិរបស់ខ្លួន។ នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល មានវិសមិតភាពនឹងសកម្មភាពខាងវិជ្ជាជីវៈ ពាណិជ្ជកម្ម ឬឧស្សាហកម្ម និងការកាន់តំណែងមុខងារសាធារណៈណាមួយ។
សូមបញ្ជាក់ថា វិសមិតភាព មានន័យថា ភាពដែលមិនអាចមាន ឬមិនអាចធ្វើការចូលគ្នាបាន អលទ្ធភាពតាមគន្លងច្បាប់ដែលមិនអាចឲ្យមនុស្សម្នាក់បំពេញមុខងារពីរកន្លែងបាន។
រាជរដ្ឋាភិបាល មានសមាសភាព ដូចជា៖ «នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីជាប្រមុខនៃរាជរដ្ឋាភិបាល ចំណែកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីគឺជាសមាជិករាជរដ្ឋាភិបាល។ ឧប-នាយករដ្ឋមន្រ្តី មានអាសនានុក្រមលើសមាជិកដទៃទៀត»។
ដោយឡែក សម្រាប់ដំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្រ្តី។ ហើយរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមិនមែនជាសមាជិករាជរដ្ឋាភិបាលនោះទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្រ្តៃយ៍ដែរ។
សម្រាប់មុខងារសំខាន់ៗរបស់រដ្ឋាភិបាល គឺត្រូវកំណត់ និង អនុវត្តនយោបាយ ព្រមទាំងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ តាមកម្មវិធីនយោបាយ និង ផែនការរដ្ឋ ដែលបានអនុម័តស្របតាមគោលការណ៍ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។
ជាមួយគ្នានេះ ក៏ត្រូវធានាការអនុវត្តច្បាប់ដែលស្ថាប័ននីតិប្បញ្ញត្តិ បានអនុម័តឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យសង្គមមានភាពសុខសាន្តនិង រីកចម្រើន ក្លាយជាប្រទេសមាននីតិរដ្ឋ។
ទន្ទឹមនឹងនេះ ក៏មានតួនាទីគ្រប់គ្រង បញ្ជា ប្រើប្រាស់យោធា នគរបាល កម្លាំងប្រដាប់អាវុធផ្សេងៗទៀត និង រដ្ឋបាលក្នុងការធ្វើសកម្មភាពរបស់ខ្លួនផងដែរ។
លើសពីនេះ សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល ទទួលខុសត្រូវរួមគ្នាចំពោះរដ្ឋសភា អំពីនយោបាយទូទៅរបស់រដ្ឋាភិបាល។ សមាជិកមួយរូបៗទទួលខុសត្រូវរៀងៗខ្លួនចំពោះនាយករដ្ឋមន្ត្រី និង ចំពោះរដ្ឋសភា អំពីការដែលខ្លួនបានប្រព្រឹត្ត (មាត្រា១២១ថ្មីនៃរដ្ឋធម្មនុញ្ញ)។
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលមិនអាចយកសំអាងនៃសេចក្តីបង្គាប់ជាលាយលក្ខណ៍អក្សរ ឬ ដោយវាចាអំពីនរណាមួយដើម្បីដោះសាឱ្យរួចពីការទទួលខុសត្រូវរបស់ខ្លួនបានឡើយ។
គួររម្លឹកផងដែរថា ដើម្បីដឹកនាំប្រទេស រាជរដ្ឋាភិបាលមានស្ថាប័នមួយចំនួនដែលខ្លះមានឈ្មោះថា «ក្រសួង» ខ្លះទៀតមានឈ្មោះថា «រដ្ឋលេខាធិការដ្ឋាន»៕