ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ដែលទើបតែត្រូវបានប្រហារជីវិតមនុស្ស ៤នាក់កាលពីពេលថ្មីៗនេះ មិនមាននៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-ICHR) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ រយៈពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា។ នេះបើតាមការអះអាងពីលោកស្រី អ៊ុច និពន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាជំនួយការលេខាធិការដ្ឋានអាយឆា តំណាងកម្ពុជា។
ថ្មីៗនេះមានការប្រហាជីវិតសកម្មជនប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា ៤រូបរបស់គណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ ក្នុងនោះរួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ លោក ក្យរ មីនយូ ឬត្រូវបានគេស្គាល់ថា ជីមី អតីតសមាជិកសភានៃគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក ភ្យូ ហ្សេយ៉ា ថរ លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២របស់ប្រធានអាស៊ាន ឱ្យដឹងថាអាស៊ានពិតជាមាន«ក្តីតក់ស្លុត» និង«សោកសៅយ៉ាងក្រៃលែង» ដោយសារការប្រហារជីវិតសកម្មជន៤នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះមានការស្នើសុំឱ្យពិចារណាឡើងវិញលើការសម្រេចផ្តន្ទាទោសលើសកម្មជនទាំងនោះ ពីសំណាក់ប្រធានអាស៊ាន និងរដ្ឋជាសមាជិកផ្សេងទៀត។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «នេះជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង»។
លោកស្រី អ៊ុច និពន្ធ បានបញ្ជាក់ក្នុងពេលផ្តល់បទសម្ភាសជាមួយអ្នកកាសែត ថា ជំហររបស់អាយឆាកម្ពុជា គឺគាំទ្រទៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ប៉ុន្តែដោយឡែកនៅក្នុងកិច្ចប្រជុំនេះ ករណីនេះមិនក្នង របៀបវារៈទេ ប៉ុន្តែប្រសិនបើមានការលើកឡើងពីសមាជិកណាមួយ គឺអាចនឹងមានការពិភាក្សាខ្លះដែរ។
យ៉ាងណា ប្រធានអាស៊ានបានជំរុញឱ្យរបបយោធាចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
សេចក្តីថ្លែងការណ៍បន្ថែមថា អាស៊ាននៅតែតាំងចិត្តរកវិធីសាស្ត្រជួយមីយ៉ាន់ម៉ាឱ្យទៅរកប្រក្រតីភាពវិញ និងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន។
កាលពីខែមិថុនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ស្នើមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ឱ្យពិចារណាឡើងវិញ ចំពោះការសម្រេចកាត់ទោសប្រហារជីវិតក្រុមប្រឆាំង ដែលលោកថាវានឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញសហគមន៍អន្តរជាតិ និងប៉ះពាល់ចំណុចឯកភាពទាំង៥ កាលពីកន្លងទៅ។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕