ម្ចាស់ហាង KOI ឧកញ៉ា ឃន ឈុនដារ៉ា បង្ហើបថាខ្លួនធ្លាប់ធ្វើជាអ្នកលាងចាន នៅភោជនីយដ្ឋានមួយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឃន ឈុនដារ៉ា ដែល​គេ​ស្គាល់​ថា​​ជាអ្នកជំនួញវ័យក្មេង ជានាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក និងក្រុមហ៊ុន KOI Thé Cambodia និងជាស្ថាបនិក Tube Cafe ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ទម្រាំ​លោក​មាន​ថ្ងៃ​នេះ លោក​បាន​ឆ្លង​កាត់​ការងារ​​ជា​ច្រើន​ ក្នុង​នោះ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​លាង​ចាន​ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតមកដល់ពេលបច្ចុប្បន្នលោកឧកញ៉ា ឃន ឈុនដារ៉ា ក្តោបក្តាប់មុខជំនួញជាច្រើនរួមមាន៖ នាយក​ក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក, នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia, ស្ថាបនិក Tube Café, ហាង​លក់​កា​ហ្វេ Yellow cab , ហាងលក់ Pizza, ផ្សារទំនើប​ Samai Square, Orkin ដែលជាក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​ សម្លាប់សត្វ​ល្អិត​តាម​ផ្ទះ ​ឬ​ក្រុមហ៊ុន​ និង KYO ​ម្ហូប​បែប​ជប៉ុន។

លោកឧកញ៉ា បានចែករំលែកផ្នត់គំនិត តាមរយៈវីដេអូឃ្លីបមួយ​ថា៖ “ការងារអ្វីក៏មានតម្លៃដែរ មិនថា​ការងារ​នោះ​ជា​ការងារ​សាមញ្ញ ឬ​តូចតាច​ប៉ុណ្ណា។ មុន​នឹង​ខ្ញុំ​ឈាន​ជើង​ក្លាយ​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​មួយបាន ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ធ្វើការងារ​ជា​អ្នក​លាង​ចាន នៅ​ភោជនីយដ្ឋាន​ម៉ិកស៊ីកូ​មួយ ធ្លាប់ជាសេវាបុគ្គលិកក្នុងហាងកាហ្វេមួយ​នៅ​សហរដ្ឋអាមេរិក ធ្លាប់​ធ្វើ​ជា​អ្នក​លក់​ដើរ​តាម​ផ្ទះ​គោះ​ទ្វារ​គេ​ណែនាំ​ផលិតផល ធ្លាប់​ធ្វើ​ជា​អ្នក​ណែនាំ​ភ្ញៀវ ធ្លាប់​ធ្វើ​ជា​អ្នក​លក់​ទំនិញ​តាម​ទូរសព្ទ​ដែល​មិន​បាន​ជួប​មុខ​​អតិថិជន​សោះ”។

“ការងារទាំងអស់ ដែល​ខ្ញុំ​បាន​រាយ​រ៉ាប់​​ខាង​លើ​នេះ សុទ្ធសឹង​តែ​​ជា​មូលដ្ឋាន​គ្រឹះ​ ដែល​ខ្ញុំ​គិត​ថា​មាន​តម្លៃ និង​មាន​សារៈសំខាន់​មែនទែន​ក្នុង​ការ​ជួយ​ឱ្យ​ខ្ញុំ​អាច​ឈរ​ជើង​ជា​អ្នក​ដឹក​នាំ​ម្នាក់​ក្នុង​ក្រុមហ៊ុន​របស់​យើង។ សរុប​សេចក្តី​មក ​ការងារ​ទាំង​អស់​សុទ្ធសឹង​តែ​មាន​តម្លៃ ប៉ុន្តែ​​ការ​ចេះ​ស្វែង​រក ​ការ​ចេះ​ក្រេប​តម្លៃ​​ និង​ប្រយោជន៍​ពី​ការងារ​នីមួយៗ គឺ​នៅ​លើ​ខ្លួន​យើង​ទេ ថា​យើង​ចេះ​ស្វែង​រក​ឬ​អត់។ ឧទាហរណ៍ ការ​យក​ឈើ​ថ្លៃ​មក​ធ្វើ​ជា​អុស បើ​យើង​មិន​យល់​នោះ​ ​​នឹង​យក​ឈើ​ដ៏​ថ្លៃ​មក​ធ្វើ​ជា​អុស​មិន​ខាន”។ លោក​ឧកញ៉ា បាន​បន្ថែម។

ឧកញ៉ា ឃន ឈុនដារ៉ា កើត​​នៅ​ឆ្នាំ​១៩៨៩ ​ក្នុង​​​សង្កាត់​បឹង​ព្រលិត​​​ ខណ្ឌ​៧​​ មករា រាជធានី​ភ្នំពេញ​​។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា​នៃ​សហរដ្ឋ​អាមេរិក និង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង ​ពី​សាកលវិទ្យាល័យ​ប្រ៊ីស្ដូល (Bristol) ប្រទេស​អង់គ្លេស​។ លោកត្រូវបានមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ ឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាកូនប្រសាឧកញ៉ា ហេង សៀ ហើយ​ភរិយារបស់លោក គឺអ្នកស្រី តាំង គីមហៀង៕