លោកស្រី Pelosi ​ព្រលយ​ប្រាប់ពីផែនការទស្សនកិច្ចនៅអាស៊ី តែមិនបានលើកឈ្មោះកោះតៃវ៉ាន់

អន្តរជាតិ

ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានធ្វើការបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកស្រី នឹងទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ី នៅសប្តាហ៍នេះ ប៉ុន្តែក្នុងនោះ លោកស្រីមិនបាននិយាយអំពីការធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នោះឡើយ នៅពេលដែលដំណឹងពីមុនមក បានបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំង រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលរបស់ប្រទេសចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីកំពុងដឹងនាំគណ:ប្រតិភូសភា ទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម ការរីករាលដាលនៃជំងឺកូវីដ ១៩ ការប្រែប្រួលនៃអាកាសធាតុ សន្តិសុខ និងអភិបាលកិច្ចប្រជាធិបតេយ្យ ផងដែរ ។

ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ លោកស្រី Pelosi មិនទាន់បានបញ្ជាក់ពីរបាយការណ៍ ដែលចុះផ្សាយដោយសារព័ត៌មានធំៗ កន្លងមក ដែលនិយាយថា លោកស្រីអាចនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ នៅឡើយនោះទេ។

ជុំវិញ របាយការណ៍ទាំងនេះ បានធ្វើឱ្យប្រធានាធិបតីចិន លោក Xi Jinping ធ្វើការព្រមានប្រឆាំងទៅកាន់សហរដ្ឋអាមេរិក ចំពោះការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង នៃការដោះស្រាយបញ្ហារវាងចិន និងកោះតៃវ៉ាន់ ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ក៏បាននិយាយទៀតថា ពួកគេនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើលោកស្រី Pelosi ពិតជាមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់មែននោះ។ ប៉ុន្តែមកទល់នឹងពេលនេះ ប្រធានសភាតំណាងរាស្រ្តអាមេរិករូបនេះ មិនទាន់បានបញ្ជាក់ច្បាស់លាស់ថា តើលោកស្រីនឹងអញ្ជើញទៅកាន់កោះតៃវ៉ាន់ ឬយ៉ាងណានោះទេ បើទោះបីជាលោកស្រី បានប្តេជ្ញា បង្ហាញពីការគាំទ្រដល់តៃវ៉ាន់ក៏ដោយ ៕