CNN៖ រុស្ស៊ី​កំពុង​ប្លន់មាស​ពី​ប្រទេស​ស៊ូដង់​ ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​លើ​សង្គ្រាម

អន្តរជាតិ

សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​នៅ​តែ​អូសបន្លាយ​អស់​រយៈពេល​រាប់ខែ គិត​ចាប់ពី​ចុងខែ​កុម្ភៈ​មក​ទល់​បច្ចុប្បន្ន ខណៈ​ការ​ចំណាយ​របស់​ប្រទេស​ទាំង ២ លើ​សង្គ្រាម​មួយ​នេះ​ក៏​អស់​មិន​តិច​លាន​ដុល្លារ​ហើយ​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ គេហទំព័រ CNN បាន​រាយការណ៍​ថា រុស្ស៊ី​កំពុង​ប្លន់​យក​មាស​ពី​ប្រទេស​ស៊ូដង់​ ដោយ​បន្លំភ្នែក​ពិភពលោក​​ ថា​ជា​ការ​ជួញដូរ​ទៅ​វិញ ស្របពេល​គេ​ជឿ​ថា មាស​ទាំងនេះ​គឺ​ជា​កញ្ចប់​ថវិកា​ទ្រទ្រង់​ការ​ចំណាយ​លើ​សង្គ្រាម។

បើ​យោង​តាម​សម្ដី​របស់​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ធនាគារ​កណ្ដាល Sudanese Central Bank បាន​បង្ហាញ CNN ពី​ទិន្នន័យ​មាស​ដែល​បាន​បាត់​ប្រមាណ ៣២,៧ តោន​កាលពី​ឆ្នាំ​ ២០២១ បើ​គិត​ជា​លុយ​បច្ចុប្បន្ន​គឺ​ប្រហែល ១,៩ ពាន់​លាន​ដុល្លារ​ឯណោះ។

ប៉ុន្តែ​អតីត​មន្ត្រី និង​មន្ត្រី​បច្ចុប្បន្ន​សុទ្ធតែ​អះអាង​ថា ទិន្នន័យ​ខាងលើ​គ្រាន់តែ​ជា​កំទេច​តូច​មួយ​នៃ​ស្ថិតិ​ពិត​ប្រាកដ​ប៉ុណ្ណោះ ដោយ​ពួកគេ​ទម្លាយ​ថា រដ្ឋាភិបាល​ស៊ូដង់​ខ្វះ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ផលិតផល​ដែល​បាន​មក​ពី​រ៉ែមាស​ក្រៅ​ផ្លូវការ និង​មិន​រវីរវល់​ជាមួយ​នឹង​ការ​ស្វែងរក​ទិន្នន័យ​ច្បាស់លាស់។

បន្ថែម​ពី​នោះ ភ្នាក់ងារ​សំងាត់​របស់ CNN ជាច្រើន​សុទ្ធតែ​អះអាង​ថា មាស​ប្រមាណ ៩០%​របស់​ស៊ូដង់​ត្រូវបាន​រត់ពន្ធចេញ​ ហើយ​បើ​សិន​វា​ជា​ការពិត​ នោះ​ទឹកប្រាក់​ប្រមាណ ១៣,៤ ពាន់​លាន​ដុល្លារ​ត្រូវបាន​របូត​ចេញ​ពី​ដៃ​គយ ខណៈ​វា​អាច​នឹង​ធ្វើ​ឲ្យ​ចំណូល​រដ្ឋ​ខាតបង់​រាប់រយ​លាន​ដុល្លារ។

សូមជម្រាប​ដែរ​ថា នេះ​មិនមែន​ជា​រឿង​ទើប​នឹង​កើតឡើង​ថ្មីថ្មោង​ឡើយ ពោល​វា​ធ្លាប់បាន​កើតឡើង​យ៉ាងហោចណាស់ ១៦ ដង ដូច្នេះ​បើ​គិត​ឲ្យ​មែនទែន​ទៅ​ចំណូលរបស់​រដ្ឋ​គឺ​របូត​មិនក្រោម​ពាន់​លាន​ដុល្លារ​ឡើយ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNN៕