ព្រះទីនាំងអធិរាជជប៉ុនផលិតដោយ​ Toyota សមត្ថភាពមិនចាញ់ Rolls Royce

អន្តរជាតិ

អ្នកណាៗ​ក៏​ដឹង​ដែរ​ថា រថយន្ត​ Rolls Royce គឺ​ជា​រថយន្ត​លំដាប់​អភិជន និង​ឥស្សរជន​លំដាប់​កំពូលៗ ដោយសារ​តែ​អានុភាព និង​តម្លៃ​ដ៏​ថ្លៃ​មហាសាល​របស់​វា គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ល្អ​បំផុត​ផង បាន​ធ្វើ​ឲ្យ Rolls Royce ជាប់​ជា​រថយន្ត​កំពូល​លើ​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា រថយន្ត​លំដាប់​កំពូល​ដែល​តែងតែ​ប្រើប្រាស់​ដោយ​ថ្នាក់ដឹកនាំ​ពិភពលោក​មិនមែន​មាន​តែ Rolls Royce ឡើយ ពោល​នៅ​មាន​ច្រើន​ម៉ាក​ច្រើន​ម៉ូដែល​ទៀត តួយ៉ាង​ដូចជា Toyota Century ដែល​ផលិត​ឡើង​ក្នុង​គោលបំណង​បម្រើ​ជា​យានយន្ត​សម្រាប់​បម្រើ​ដល់​ព្រះចៅ​អធិរាជ​ជប៉ុន​ជាដើម។

រថយន្ត Toyota Century គឺ​បង្កើតឡើង​តែ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ហើយ​ជា​រថយន្ត​ប្រណីត​បំផុត​ក្នុង​ប្រទេស​ជប៉ុន​នៃ​ក្រុមហ៊ុន Toyota ខណៈ​ម៉ូដែល Lexus ជា​រថយន្ត​ប្រណីត​បំផុត​សម្រាប់​ប្រកួត​លើ​ឆាក​អន្តរជាតិ​របស់​ Toyota។

មូលហេតុ​ដែល​ឡាន​មួយ​គ្រឿង​នេះ​ដាក់​ឈ្មោះ​ថា Century គឺ​ដើម្បី​រំលឹក​ដល់​ខួប​ ១០០ ឆ្នាំ​របស់​ស្ថាបនិក Toyota លោក Sakichi Toyoda ហើយ​ Toyota Century ត្រូវបាន​ប្រើប្រាស់​ជា​ញឹកញាប់​ដោយ​គ្រួសារ​អធិរាជ​ជប៉ុន នាយករដ្ឋមន្ត្រី​ជប៉ុន ថ្នាក់ដឹកនាំ​កំពូលៗ​ជប៉ុន និង​អ្នកជំនួញ​ជាន់ខ្ពស់។

បើ​គេ​និយាយ​ថា អង់គ្លេស​មាន Rolls Royce អាល្លឺម៉ង់​មាន Mercedes-Benz ត្រកូល 600 ដែល​ជា​រថយន្ត​លំដាប់​ប្រណីត​ នោះ​ជប៉ុន​ក៏​មាន Toyota Century ដូចគ្នា ដោយសារ​វា​ត្រូវបាន​ផលិតឡើង​ក្នុង​គោលបំណង​ប្រកួតប្រជែង​ជាមួយ​ទាំងនោះ។

ជំនាន់​តំបូង​នៃ​ Toyota Century គឺ​បំពាក់​មក​ជាមួយ​តែ​ម៉ាស៊ីន V8 ដែល​ផលិត​ឡើង​នៅ​ឆ្នាំ ១៩៦៧ និង​រចនាបថ​ឡើងវិញ​ក្នុង​ឆ្នាំ ១៩៩៧ ជាមួយ​នឹង​ជំនាន់​ទី ២ បំពាក់​នូវ​ម៉ាស៊ីន V12 រហូត​ដល់​ឆ្នាំ ២០១៨ វា​បាន​ផ្លាស់ប្ដូរ​មក​ប្រើ​ម៉ាស៊ីន V8 វិញ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ជាង​ជំនាន់​មុនៗ​គឺ បច្ចេកវិទ្យា​ Hybrid មក​ជាមួយ។

ផលិត​មក​តែ​នៅ​ទីផ្សារ​ក្នុង​ស្រុក​មធ្យម ងំ​ទោះ​មាន​លុយ​ក៏​មិន​ងាយ​នឹង​ទិញ​បាន​ដែរ ពោល​មាន​លក់​តែ​នៅ​ទីតាំង Toyota Store តែ​ប៉ុន្មាន​កន្លែង​ប៉ុណ្ណោះ​នៅ​ប្រទេស​ជប៉ុន ខណៈ​តម្លៃ​របស់​វា​គឺ​ធូរថ្លៃ​ជាង Rolls Royce រាប់​សិប​ដង ពោល​គឺ ប្រមាណ ១៨ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​នៅ​លើទីផ្សារ​ជប៉ុន ហើយ​ផលិត​តែ ៥០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ៕