រដ្ឋមន្ត្រីអប់រំ៖ ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាការវិនិយោគលើការអប់រំរយៈពេលវែងរបស់សង្គមជាតិ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាការវិនិយោគលើការអបំរយៈពេលវែងរបស់សង្គមជាតិ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និបាត និងសិក្ខាសាលាអប់រំស្តីពី “អភិបាលកិច្ចនិងភាព ជាអ្នកដឹកនាំអប់រំក្នុងយុគសម័យទំនើប” កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអភិវឌ្ឍន៍ធនធានមនុស្សគឺជាការវិនិយោគរយៈពេលវែងរបស់សង្គមជាតិ។ទន្ទឹមគ្នានេះ លោកថា ក៏ត្រូវការចូលរួមជាចាំបាច់នូវការការពារថែទាំ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាថា ធនធានមនុស្សដែលផលិតយើងផលិតបានឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការប្រកួតប្រជែងនៅក្នុងតំបន់ និងសាកលលោក។

ទាក់ទិននឹងការលើកឡើងនេះដែរថា ឧកញ៉ា ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​លើកឡើងថា សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ដែលមាន​អាយុកាល​ជាង ​ ២​ឆ្នាំនេះ​មានការ​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ និង​កំពុងធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អបរំ យុវជន និង​កីឡា និង​ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ​។​លោក​ ​បញ្ជាក់ថា​ ​បេសកកម្ម​របស់​សហ​ព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​គឺ​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ​ ជាពិសេស​វិស័យ​ឯកជន​ឱ្យ​កាន់តែ​ប្រសើរឡើង។

គួរបញ្ជាក់ដែថា តាមរយៈសន្និបាត និងសិក្ខាសាលាអប់រំខាងលើនេះ រដ្ឋមន្ត្រីអប់រំកម្ពុជា ក៏បានលើកទឹកចិត្តឱ្យសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកទាំងអស់បន្តបង្កើនការចូលរួមអភិវឌ្ឍវិស័យអប់រំ ជាមួយរដ្ឋាភិបាល និងក្រសួងអប់រំ តាមរយៈការបង្កើតការវិនិយោគលើការអប់រំឱ្យកាន់តែច្រើន ដើម្បីកសាងប្រព័ន្ធអប់រំឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ របស់កម្ពុជា និងសាកលលោក៕