រមៀតសូនពីទឹកឃ្មុំធម្មជាតិជាផលិតផលធម្មជាតិសម្រាប់ការពារព្រមទាំងថែរក្សាសម្រស់ បុរស ស្រ្តី ចាប់ពីក្មេងគ្រប់វ័យរហូតដល់មនុស្សចាស់។
អ្នកនាង អាំង សិទ្ធិកេរ្តិ៍សុវណារី ជាស្ថាបនិកបានលើកឡើងថា ការសម្រេចចិត្តបើកសិប្បកម្មនេះឡើងព្រោះ ការផលិតប្រើដំបូងក្នុងគ្រួសារទទួលបានផល មានប្រសិទ្ធភាព ទើបអ្នកនាងសម្រេចសូនរមៀតម្ដងទៀតចែកមិត្តប្រើ ពេលប្រើត្រូវគ្រប់គ្នា ក៏សម្រេចបើកជាសិប្បកម្មផលិតរមៀតទឹកឃ្មុំនេះលក់តែម្ដង។
សិប្បកម្មខ្នាតតូចរបស់អ្នកនាងសុវណារី ចាប់ផ្ដើមឡើងជាងពីរឆ្នាំ ដោយចាយដើមទុនអស់ប្រមាណជាង ៧០០០ ដុល្លារ សម្រាប់ទិញសម្ភារៈ ដូចជាគ្រឿងម៉ាស៊ីន ការរៀបចំតុបតែង វៃធ្នើ ព្រមទាំងកន្លែងផលិត។ សិប្បកម្មស្រ្តីរូបនេះ ផលិតមានគ្រឿងផ្សំឡើងពីក្បាលរមៀតសុទ្ធនិងទឹកឃ្មុំ ហើយអាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ។
បើតាមស្រ្តីជាម្ចាស់សិប្បកម្មបានប្រាប់បន្តថា ក្នុងការផលិត គឺប្រើម៉ាស៊ីនដើម្បីសូន ធានានៅគុណភាព សុវត្ថិភាពព្រមទាំងអនាម័យ ធ្វើបំណែងចែកគ្រាប់រមៀតដែលសូនបានជាចំណែកស្មើគ្នា តូចៗងាយស្រួលលេប។
ក្រៅពីរមៀតសូនទឹកឃ្មុំក៏មានផងដែរនៅ ស្រាប់ខាត់ស្បែក ម្សៅរមៀតឆុងទឹក ម្សៅពន្លៃ ម្សៅខ្ញី ដើម្បីជួយកាត់ជាតិខ្លាញ់ ជាតិអាស៊ីត សម្រកគីឡូ សម្រកក្បាលពោះ ជួយសម្រួលសរសៃឈាមឱ្យដើរបានស្រួល គេងលក់ បត់ជើងទៀងទាត់ បំបាត់សង្វារ ចំពោះអ្នកមានជំងឺទឹកនោមផ្អែមក៏អាចអាចផឹកបានដែរនៅម្សៅខ្ញីឆុងទឹក ។
ទៅថ្ងៃអនាគត ស្ថាបនិកខ្នាតតូចមួយនេះមានចក្ខុវិស័យវែងឆ្ងាយ ដោយនឹងពង្រីកសិប្បកម្មឱ្យកាន់តែធំជាងមុន ដើម្បីឱ្យបងប្អូនអតិថិជនដែលចង់ទិញរមៀតសូនទឹកឃ្មុំបែបធម្មជាតិនេះយកទៅប្រើបានគ្រប់ៗគ្នាព្រមទាំងបំពេញនៅតម្រូវការទីផ្សារឱ្យកាន់តែទូលំទូលាយផងដែរ។
គួររម្លឹកផងដែរថា សិប្បកម្មនេះមានទីតាំងនៅផ្ទះលេខ៣ ផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕