សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគទុន និងអ្នកទេសចរអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ ការលើកឡើងរបស់សម្ដេចប្រធានព្រឹទ្ធសភានេះ ក្នុងឱកាសទទួលជួបសវនាការជាមួយនឹងឯកឧត្ដម ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ព្រឹទ្ធសភាត្រៀមខ្លួន នឹងធ្វើ កិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកអគ្គរដ្ឋទូត និងស្ថានទូតអូស្រ្តាលី ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្ដម Pablo Chiho Kang បានបញ្ជាក់ថា ប្រទេសអូស្ត្រាលីនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ឯកឧត្ដមបានចូលរួមសោកស្តាយចំពោះការបាក់រលំអគារនៅខេត្តកែប ដែលធ្វើឱ្យមនុស្សមួយចំនួនបានមរណភាពនិងរងរបួស។ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជា នឹងខិតខំបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការលើវិស័យវិនិយោគទុន ពាណិជ្ជកម្ម ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យផ្សេងៗទៀតឱ្យកាន់តែសកម្មថែមទៀត៕