ក្រុមការងារអន្តរក្រសួង គ្រោងនឹងដាក់ស្នើសុំគោលការណ៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមលោកជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជួយសម្រួលឱ្យអ្នកបើកបរយានយន្តតាមដងផ្លូវ អាចភ្ជាប់ឯកសារតាមខ្លួនពីរប្រភេទគឺ ប័ណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក) ជាច្បាប់ថតចម្លងបាន ប៉ុន្តែសម្រាប់ប័ណ្ណបើកបរយានយន្ត គឺចាំបាច់ត្រូវតែយកច្បាប់ដើម តាមខ្លួន។
កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា អ្នកបើកបរយានយន្តគ្រប់ប្រភេទ នៅតាមដងផ្លូវ ត្រូវភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗច្បាប់ដើមចំនួន៣ តាមខ្លួន ដែលរួមមាន ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក) ខណៈដែលក្រសួង អាចនឹងដាក់ឱ្យអនុវត្តន៍លើការដកពិន្ទុប័ណ្ណបើកបរ របស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។
ការលើកឡើងរបស់លោកស្រីរដ្ឋលេខាធិការខាងលើ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើន មានការប្រតិកម្មយ៉ាងខ្លាំង និងបានលើកឡើងពីផលលំបាកនានា ដែលអាចចោទជាបញ្ហាប្រឈមដូចជា សម្រាប់អ្នកបើកបររថយន្តឱ្យគេ អ្នកបង់រំលស់រថយន្តដែលពុំទាន់ទទួលបានឯកសារច្បាប់ដើម អ្នកខ្ចីរថយន្តបងប្អូនជិះ ឬអាចនឹងបង្កឱ្យមានភាពងាយស្រួលដល់អំពើរចោរកម្មជាដើម។
ឆ្លើយតបនឹងរឿងរ៉ាវខាងលើ ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ នៅរសៀលថ្ងៃអង្គារ ទី០២ ខែសីហា នេះយ៉ាងដូច្នេះថា៖ “ដូចមានការបកស្រាយហើយ បើតាមច្បាប់ គឺយើងប្រើប្រាស់ឯកសារដើម តែដើម្បីសម្រួលកិច្ចការនេះ ក្រុមការងារអន្តរក្រសួង នឹងដាក់ស្នើសុំគោលការណ៏សម្តេចក្រឡាហោម ស ខេង ក្នុងនាមលោកជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក ដើម្បីអនុវត្ត៖ ១/ ប័ណ្ណបើកបរ សុំឯកសារដើមជាប់ខ្លួន, ២/ ប័ណ្ណសម្គាល់យានយន្ត សុំត្រឹមឯកសារថតចម្លង តែមានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និង ៣/ ឯកសារឆៀក ក៏សុំដូចគ្នានឹងឯកសាររថយន្តដែរ”។
សូមបញ្ជាក់ផងដែរថា ក្រសួង ក៏អាចនឹងដាក់ឱ្យអនុវត្តន៍លើការដកពិន្ទុប័ណ្ណបើកបរ របស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។ ពាក់ព័ន្ធនឹងកម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០២២តទៅ ក្រសួងមិនឱ្យអ្នកបើកបរល្មើសច្បាប់បង់លុយហើយ បានរួចខ្លួននោះឡើយ។ ជាវិធានការពិន័យបន្ថែមនោះ ក្រសួងនឹងបង្កើត App ថ្មីមួយទៀត ដើម្បីកត់ពិន្ទុតាមចំនួនកំហុសរបស់អ្នកបើកបរ បើខុសច្រើនដង ប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង៕