លោកស្រី Nancy Pelosi គឺជាអ្នកនយោបាយប្រជាធិបតេយ្យជនជាតិអាមេរិក និងជាប្រធានសភាតំណាងរាស្រ្តបច្ចុប្បន្ន ។ ដោយជាប់ឆ្នោត ក្នុងសភានៅឆ្នាំ ១៩៨៧ លោកស្រីគឺជាមេដឹកនាំជាន់ខ្ពស់បំផុតមួយរូបរបស់គណបក្សប្រជាធិបតេយ្យ និងជាស្ត្រីតែម្នាក់គត់ ដែលបម្រើការជាប្រធានសភា ។
ដោយស្ថិតនៅក្រោមអាណត្តិរបស់លោកស្រីជាប្រធានសភា Pelosi ធ្លាប់បានចោទប្រកាន់ទៅលើអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំនួនពីរលើក ប៉ុន្តែគាត់ត្រូវបានព្រឹទ្ធសភាសម្រេចឱ្យរួចទោស ទាំងពីរលើក ។
នៅមុនពេលក្លាយជាស្រ្តីដ៏មានឥទ្ធិពលបំផុតម្នាក់ នៅសហរដ្ឋអាមេរិក តើលោកស្រី Nancy Pelosi មានជីវប្រវត្តិបែបណាខ្លះ ?
លោកស្រី Pelosi បានកើតនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៤០ នៅទីក្រុង Baltimore រដ្ឋ Maryland នៅក្នុងគ្រួសារមានឈាមជ័រសុទ្ធសឹងតែអ្នកនយោបាយ ដោយឪពុករបស់លោកស្រី ធ្លាប់បានបម្រើការនៅក្នុងសភា និងជាអភិបាលក្រុង Baltimore អស់រយ:ពេល ១២ ឆ្នាំ ហើយចំណែកឯបងប្រុសលោកស្រីវិញ ក៏បានស្នងតំណែងធ្វើជាអភិបាលក្រុង Baltimore ផងដែរ ។
លោកស្រី Pelosi បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Trintiy College ក្នុងទីក្រុង Washington នៅក្នុងឆ្នាំ ១៩៦២ ហើយបន្ទាប់មក លោកស្រី បានចាប់ផ្តើមចូលប្រឡូកក្នុងឆាកនយោបាយបន្តិចម្តងៗ ដោយចាប់ផ្តើមជាអ្នកស្ម័គ្រចិត្ត នៅក្នុងគណបក្សប្រជាធិបតេយ្យ ។
លុះដល់ឆ្នាំ ១៩៨៧ លោកស្រី Pelosi បានឈានជើងចូលកាន់តំណែងជាសាធារណ: ដោយបានឈ្នះការបោះឆ្នោតពិសេស សម្រាប់សង្កាត់ទីប្រាំបី របស់រដ្ឋកាលីហ្វ័ញ៉ា ។ ហើយនៅក្នុងនាមជាសមាជិកសភា លោកស្រីបានបម្រើការនៅក្នុងគណ:កម្មាធិការសម្របសម្រួល និងគណ:កម្មធិការជ្រើសតាំងជាអចិន្ត្រៃយ៍ ផ្នែកស៊ើបការណ៍ ។
រហូតមកដល់ឆ្នាំ ២០០២ លោក Pelosi ត្រូវបានជ្រើសរើសជាមេដឹកនាំប្រជាធិបតេយ្យ នៃសភាតំណាងរាស្ត្រ ខណ:ពេលនោះហើយ ដែលបានធ្វើឱ្យលោកស្រី ក្លាយជាស្រ្តីដំបូងគេ ក្នុងប្រវត្តិសាស្រ្ត ទទួលបានតំណែងដ៏មានកិត្តិយសមួយនេះ ។ នៅពេលដែលគណបក្សប្រជាធិបតេយ្យរបស់លោកស្រី បានឈ្នះសំឡេងឆ្នោតភាគច្រើន នៅក្នុងសភា និងព្រឹទ្ធសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០០៦ លោកស្រី Pelosi ត្រូវបានជ្រើសរើសឱ្យក្លាយជាស្រ្តីដំបូងគេ ដែលកាន់តំណែងជាប្រធានសភា។
ប៉ុន្តែលុះដល់ឆ្នាំ ២០១០ អំឡុងស្ថិតក្រោមការដឹកនាមរបស់ប្រធានាធិបតី លោកបារ៉ាក់អូបាម៉ា គណបក្សសាធារណរដ្ឋទទួលបានសម្លេងឆ្នោតភាគច្រើននៅក្នុងសភា ហើយបានជ្រើសតាំងលោក John Boenher ឱ្យកាន់តួនាទីនេះវិញ ដោយទម្លាក់លោកស្រី Pelosi ទៅកាន់តំណែងជាមេដឹកនាំជនជាតិភាគតិច ។
បន្ទាប់ពីគណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងសភាឡើងវិញ នៅពាក់កណ្តាលអាណត្តិឆ្នាំ ២០១៨ លោកស្រី Pelosi ត្រូវបានជាប់ឆ្នោតម្តងទៀតជាប្រធានសភានៅដើមឆ្នាំ ២០១៩ ដែលជាពេលលោកស្រី ត្រូវប្រឈមមុខតទល់ជាមួយ ប្រធានាធិបតី Donald Trump ជុំវិញការទាមទាររបស់គាត់ ក្នុងចំនួនទឹកប្រាក់ ៥,៧ ពាន់លានដុល្លារ សម្រាប់សាងសង់ជញ្ជាំងព្រំដែន អាមេរិក-ម៉ិកស៊ិក។
លុះពេលក្រោយមកទៀត លោក Pelosi និងសមាជិករបស់ខ្លួន បានរួបរួមគ្នាជាថ្មីម្តងទៀត ក្នុងការប្រឆាំងនឹងលោក Trump បន្ទាប់ពីប្រធានាធិបតីរូបនេះ បានបញ្ចេញមតិតាម Twitter ដែលលោកបាននិយាយថាសមាជិកសភាទាំងបួននាក់ ដែលមានពណ៌សម្បុរខុសគេ គួរតែវិលត្រឡប់ទៅប្រទេសដើមពួកគេវិញ។ ហើយការនិយាយបែបនេះ បានធ្វើឱ្យវាគ្មិនខាងលោកស្រី Pelosi ដឹកនាំការបោះឆ្នោត ដើម្បីធ្វើការថ្កោលទោសជាផ្លូវការ ចំពោះពាក្យសម្ដីរបស់លោក Trump ថាជាអ្នករើសអើងជាតិសាសន៍ ។
ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីមានភាពចម្រូងចម្រាស អស់មួយរយ:ពេលមក រឿងរ៉ាវនៃការចោទប្រកាន់ទាំងនោះ បានឈានដល់ទីបញ្ចប់ នៅពេលដែលព្រឹទ្ធសភា បានសម្រេចបោះឆ្នោតតាមរយ:បន្ទាត់គណបក្ស ដើម្បីលើកលែងលោក Trump ពីការចោទប្រកាន់ទាំងពីរលើក ៕