ការលក់ផ្ទះនៅប្រទេសចិន ធ្លាក់ចុះខ្លាំង ចំពេលអ្នកទិញធ្វើកូដកម្មមិនបង់ថ្លៃផ្ទះ

អន្តរជាតិ

យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញឱ្យដឹងថា ការលក់ផ្ទះថ្មី នៅក្នុងប្រទេសចិន បានធ្លាក់ចុះខ្លាំង នៅក្នុងខែកក្កដា បើធៀបនឹងខែមុន ចំពេលកំពុងមានការធ្វើពហិការ របស់អតិថិជន ចំពោះការមិនព្រមបង់ប្រាក់ ទៅលើគម្រោងផ្ទះដែលមិនទាន់បញ្ចប់ការសាងសង់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទិន្នន័យពី China Index Academy បានបង្ហាញថា ផ្ទៃដីសរុបនៃផ្ទះ ដែលត្រូវបានដាក់លក់ នៅក្នុងទីក្រុងចំនួន ១៧ បានធ្លាក់ចុះ ៣៣% កាលពីមួយខែមុន ស្របពេលផ្ទះដែលលក់នៅភាគខាងត្បូងទីក្រុង Guangzhou បានធ្លាក់ចុះ ៤៨% និងទីក្រុងប៉េកាំង បានធ្លាក់ចុះ ៣៤% ។

ប្រភពដដែលនេះ បាននិយាយទៀតថា តម្លៃផ្ទះថ្មី នៅក្នុងទីក្រុងចំនួន ១០០ បានធ្លាក់ចុះនៅក្នុងអត្រា ០,០១% ចាប់ពីខែមិថុនា ។ ហើយនៅក្នុងចំណោមទីក្រុងទាំង ១០០ នោះ មាន ៤៧ ហើយ ដែលបានរាយការណ៍អំពីការធ្លាក់ចុះខ្លាំង នៃតម្លៃផ្ទះថ្មី បើធៀបនឹងចំនួន ៤១ ទីក្រុង នៅក្នុងខែមិថុនា ។

ទីផ្សាអចលនទ្រព្យរបស់ប្រទេសចិន កំពុងប្រឈមមុខជាមួយនឹងវិបត្តិរួចស្រេចទៅហើយ នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើន បានជាប់បំណុលរើខ្លួនមិនរួច ខណ:អ្នកទិញផ្ទះក៏បានបាត់បង់ជំនឿចិត្តក្នុងវិស័យអចលនទ្រព្យផងនោះ បានអង្រួនបន្ថែមទៀត ដោយការធ្វើពហិការ មិនព្រមបង់ប្រាក់សម្រាប់ទិញផ្ទះ នៅរយ:ពេលប៉ុន្មានខែថ្មីៗនេះ ។

គួរឱ្យដឹងថា ច្បាប់ថ្មីដ៏តឹងរ៉ឹងរបស់ប្រទេសចិន បានធ្វើឱ្យមានការកាត់បន្ថយយ៉ាងខ្លាំង នូវលទ្ធភាពក្នុងការទទួលបានដើមទុនថ្មី សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលនាំឱ្យមានការផ្អាកគម្រោងសាងសង់ រាប់រយនៅទូទាំងប្រទេសចិន និងជាហេតុធ្វើឱ្យការលក់ផ្ទះមានការធ្លាក់ចុះខ្លាំងផងដែរ ៕