ប្រធានសភាអាមេរិក មានប្រវត្តិប្រឆាំងរដ្ឋាភិបាលចិនយ៉ាងវក់វី

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ប្រធាន​សភា​អាមេរិក Nancy Pelosi បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​នៅ​តំបន់​អាស៊ី ហើយ​ក៏​លឺ​ល្ហៀងៗ​ថា នឹង​ឆៀង​ចូល​កោះ​តៃវ៉ាន់ ដែល​ដំណឹង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ក្ដៅ​ស្លឹក​ត្រចៀក និង​ព្រមាន​អាមេរិក​ដាច់​ខាត​កុំ​លូកដៃ​ក្នុង​ទំនាស់​ផ្ទៃក្នុង​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បើ​មើល​ឲ្យ​មែនទែន​ទៅ​នេះ​មិនមែន​ជា​លើក​ទី ១ ឡើយ​ដែល​រដ្ឋាភិបាល​ចិន​សំដែង​ការ​មិន​ពេញចិត្ត​ជាមួយ​នឹង​លោកស្រី Pelosi ដ្បិត​កាលពី​ប្រមាណ ៣០ ឆ្នាំ​មុន​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ​ធ្លាប់​បង្ក​ព្យុះភ្លៀង​នៅ​ទីក្រុង​ប៉េកាំង​ម្ដង​ដែរ។

ត្រឡប់​ទៅ​កាលពី​ឆ្នាំ ១៩៩១ រំលង​បាន ២ ឆ្នាំ​បន្ទាប់​ពី​មាន​បាតុកម្ម​ធំ​បំផុត​មួយ​នៅ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​ដោយ​រដ្ឋាភិបាល លោកស្រី​នឹង​មន្ត្រី ២ រូប​ផ្សេង​ទៀត​បាន​លួច​ទៅ​តំបន់ Tiananmen Square ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​ចិន​ប្រចាំ​តំបន់។

គោលបំណង​ដែល​លោកស្រី​ទៅ​ទីនោះ គឺ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ក្រុម​អ្នកគាំទ្រ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម ១៩៨៩ ដែល​បង្ក្រាប​ដោយ​រដ្ឋាភិបាល​ចិន ហើយ​និង​បាន​លើក​ផ្ទាំងក្រណាត់ ដោយបាន​សរសេរ​ជា​អក្សរ​ចិន និង​អង់គ្លេស​ដែល​មាន​ន័យ​ថា “​ជូន​ចំពោះ​ជន​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ការ​ទាមទារ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ចិន”។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី BBC។

យ៉ាងណា ក្រុមប៉ូលិស​ប្រចាំ​តំបន់​នោះ​ក៏​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ហើយ​ទង្វើ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ចាត់ទុក​លោកស្រី​ជា​បុគ្គល​ដែល “​ពោរពេញ​ដោយ​ការ​ញុះញង់ និង​ផ្សាយ​ព័ត៌មាន​មិនពិត”។

រំលង​បាន ២ ឆ្នាំ នៅ​ឆ្នាំ ១៩៩៣ លោកស្រី Pelosi បាន​ចេញ​មុខ​ប្រឆាំង​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ដេញ​ថ្លៃ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការ​កីឡា​អូឡាំពិក ១៩៩៣ ដោយ​ចោទ​ប្រទេស​ចិន​បាន​រំលោភ​ច្បាប់​សិទ្ធមនុស្ស។

បន្ថែម​ពីនោះ ប្រធាន​សភា​រូប​នេះ​ក៏​ជា​សមាជិក​មួយ​រូប​ដែល​បាន​ចូលរួម​ធ្វើ​ពហិការ​មិន​ឲ្យ​អតីត​ប្រធានាធិបតី​អាមេរិក George W Bush ចូលរួម​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ ២០០៨ នៅ​ប្រទេស​ចិន​ផងដែរ ប៉ុន្តែ​មិន​បាន​សម្រេច។

សូម​ជម្រាប​ដែរ​ថា ថ្មីៗ​នេះ​សារព័ត៌មាន​ក្រៅស្រុក​ជាច្រើន​សុទ្ធតែ​បាន​អះអាង​ថា Pelosi នឹង​ធ្វើដំណើរ​មក​ដល់​កោះតៃវ៉ាន់​នៅថ្ងៃអង្គារ ឬ​យូរ​បំផុត​នៅ​ថ្ងៃពុធ ប៉ុន្តែ​ដំណឹង​ផ្លូវការ​នៅ​មិន​ទាន់ប្រកាស​នៅ​ឡើយ៕