គេរំពឹងថា គណៈប្រតិភូសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់កោះតៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ នឹងជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen និងសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់ផ្សេងទៀតនៅថ្ងៃពុធស្អែក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានព្រមានកាលពីថ្ងៃចន្ទថា យោធាចិននឹងមិន «នៅស្ងៀម» នោះទេ ប៉ុន្តែនឹងចាត់ «វិធានការតបតខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន»។
កាលពីព្រឹកថ្ងៃអង្គារនេះ យន្តហោះចម្បាំងនិងនាវាចម្បាំងចិនជាច្រើនគ្រឿងបានធ្វើដំណើរចូលទៅជិតខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមប្រភពដែលមិនបញ្ជាក់អត្តសញ្ញាណដែលទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដី។
លោកស្រី Pelosi អាយុ៨២ ជាមនុស្សសំខាន់របស់អាម៉េរិកដែលឈរនៅលំដាប់លេខរៀងទី២អាចស្នងដំណែងប្រធានាធិបតីបន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Kamala Harris៕