ក្តៅ! រុស្ស៊ី ចេញមុខគាំទ្រចិន ប្រឆាំងជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក

អន្តរជាតិ

ប្រទេសរុស្ស៊ី បានចេញមុខក្នុងការគាំទ្រទៅលើប្រទេសចិន ជុំវិញការចាត់វិធានការ ទៅលើដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ដែលរំពឹងថានឹងអាចធ្វើដំណើរទៅកោះតៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញដំណឹងនេះ មេដឹនាំចិន លោក Xi Jinping បានធ្វើការព្រមានទៅកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden ថាទង្វើនេះ គឺមិនអាចទទួលយកបានឡើយ ដោយលើកឡើងថាសហរដ្ឋអាមេរិក កំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងកោះតៃវ៉ាន់ ។ ប៉ុន្តែបើយោងតាមប្រភពច្បាស់ការចំនួន ៣ ដែលបានប្រាប់ទៅកាន់សារព័ត៌មាន Reuters បាននិយាយថា លោកស្រី Pelosi នៅតែបានដាក់គោលដៅ ដើម្បីទៅកាន់កោះតៃវ៉ាន់ ដដែល ។

ទន្ទឹមនឹងស្ថានភាពតានតឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ៖ ” យើងទាន់ដឹងឱ្យប្រាកដថា តើអ្នកស្រីនឹងទៅ ឬមិនទៅកោះតៃវ៉ាន់ នៅពេលនេះបានឡើយ ប៉ុន្តែអ្វីៗដែលទាក់ទងជាមួយនឹងដំណើរទស្សនកិច្ចនេះ គឺជាការបង្ករហេតុសុទ្ធសាធ” ។

មិនតែប៉ុណ្ណោះ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយទៀតថា ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលរំពឹងទុកថានឹងអាចកើតឡើងនេះ គឺជាការប៉ុនប៉ងបង្ករហេតុ ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីជាការដាក់សម្ពាធទៅលើប្រទេសចិន នៅពេលដែលរុស្ស៊ី បានបង្កើតភាពជាដៃគូដ៏រឹងមាំជាមួយចិន ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

ជាងនេះទៅទៀត លោកស្រី Zakharova បានសង្កត់ធ្ងន់ទៀតថា រុស្ស៊ី នឹងបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្រទៅលើប្រទេសចិន ដើម្បីធ្វើការប្រឆាំងទៅនឹងឯករាជ្យភាពរបស់កោះតៃវ៉ាន់ តាមគ្រប់រូបភាពទាំងអស់ ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលរបស់ប្រទេសចិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក ទៅកាន់កោះតៃវ៉ាន់ ថាជាការបញ្ជូនសញ្ញាលើកទឹកចិត្ត ដែលជំរុញឱ្យមានការគាំទ្រលើឯករាជ្យនៅក្នុងទឹកដីនៃកោះមួយនេះ ៕