លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ជីប ម៉ុង និងជានាយកផ្នែកលក់នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបប្រាប់ពីរបៀបធ្វើការងាររបស់លោក ដែលអាចទទួលបានជោគជ័យជាបន្តបន្ទាប់។
ក្នុងវីដេអូឃ្លីបដែលលោកបានបង្ហោះលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ឹម សុធារិទ្ធ បាននិយាយថា៖ “តាមពិតខ្ញុំធ្វើការទាំងអស់នេះ មិនមែនត្រូវជំនាញខ្ញុំទេ ប៉ុន្តែនៅតែជោគជ័យដោយសារអ្វី? ដោយសារតែយើងដាក់ចិត្តដាក់កាយ យើងមិនមែនមកពីទេវតាអីណាទេ យើងធ្វើការជាក្រុម។ ដូចខ្ញុំធ្លាប់បាននិយាយចឹងថា មិនមែនជាក្រុមល្អបំផុតទេ តែជាក្រុមការងារដ៏ត្រឹមត្រូវបំផុត”។
លោកបានបន្តថា៖ “ខ្ញុំភាគច្រើននៅតាមទីវាល ដោយសារខ្ញុំដើរមើលទីផ្សារ ស្ថានភាពទីផ្សារវារបៀបម៉េច បើប្រៀបធៀបនឹងគូប្រជែងរបស់យើង។ ឥឡូវនេះ ការប្រកួតប្រជែងគឺខ្លាំងមែនទែន បើសិនជាយើងមិនបានទៅមើល នោះពីមួយថ្ងៃទៅមួយថ្ងៃនឹងផ្លាស់ប្តូរច្រើន។ ក្នុងនោះ យើងក៏មិនចោលការិយាល័យដែរ នៅពេលយើងធ្វើផែនការ និងមានប្រជុំផ្សេងៗ ដែលកិច្ចការនេះជាកិច្ចការសំខាន់។ យើងធ្វើមេដឹកនាំ គឺអត់មានពាក្យថា រវល់ ឬស្ត្រេស នោះទេ។ ពេលចូលការិយាល័យជួបបុគ្គលិក អត់មានថារវល់ណាស់ ស្ត្រេសណាស់ ពេលយើងធ្វើដូចនេះ គឺធ្វើឱ្យបុគ្គលិកអត់មកក្បែរយើងបានទេ។ យើងត្រូវងើបឡើងស្វាហាប់ មកធ្វើការ បង្ហាញបុគ្គលិកទាំងអស់ ថាយើងមកធ្វើការហើយ នៅកន្លែងធ្វើការ និងមានកម្លាំងពលាំងធ្វើកិច្ចការគ្រប់បែបយ៉ាងទាំងអស់ នោះបានហៅថាមេដឹកនាំល្អ”។
គួរបញ្ជាក់ថា ក្រោយឆ្នាំ១៩៧៩ លោក អ៊ឹម សុធារិទ្ធ ជាកូនកំព្រាឪពុក កើតក្នុងគ្រួសារក្រីក្រមួយ នៅភូមិល្វា ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ដោយសារភាពតស៊ូ ឧស្សាហ៍ព្យាយាម និងភាពវៃឆ្លាត លោកបានក្លាយជានិស្សិតកម្ពុជាដំបូងគេ ដែលបានជាប់អាហារូបករណ៍ Fulbright របស់សហរដ្ឋអាមេរិក និងបានបញ្ចប់ការសិក្សាកម្រិតថ្នាក់បណ្ឌិត ខាងវិស័យប្រព័ន្ធផ្សព្វផ្សាយសាធារណៈ នៅក្នុងសកលវិទ្យាល័យ Ohio កាលឆ្នាំ២០០៩ មុនក្លាយជាថ្នាក់ដឹកនាំមួយរូប នៅក្រុមហ៊ុន ជីប ម៉ុង គ្រុប នាពេលបច្ចុប្បន្ន។
សូមទស្សនាវីដេអូខាងក្រោម៖