លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងថា មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យខេត្តព្រះសីហនុ បានយកសំណាកជនបរទេសជនជាតិចិន ដែលមានជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណាវីរុស យកទៅពិសោធន៍នៅរាជធានីភ្នំពេញម្តងទៀតដើម្បីបញ្ជាក់សារជាថ្មីថាបានព្យាបាលជាសះស្បើយ។
លោកស្រី ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឱ្យដឹងទៀតថា ថ្វីត្បិតតែសុខភាពរបស់គាត់មានភាពល្អប្រសើរ ប៉ុន្តែដើម្បីភាពច្បាស់លាស់ តាមការពិភាក្សាជាមួយអង្គការសុខភាពពិភពលោក អ្នកជំងឺមិនទាន់អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយទុកតាមដានជំងឺរហូតដល់ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ ដើម្បីរង់ចាំការធ្វើតេស្តសាជាថ្មីម្តងទៀត តាមវិធានវេជ្ជសាស្ត្រ បញ្ជាក់នូវការជាសៈស្បើយមដោយមិនមានវីរុសកូរ៉ូណាពិតប្រាកដ។
នៅពេលវិភាគតេស្តបង្ហាញលទ្ធផលអវិជ្ជមាន នៃវីរុសកូរ៉ូណាថ្មីនេះជាលើកទី៣នៅថ្ងៃចន្ទទី១០ ខែកុម្ភៈឆ្នាំ២០២០ខាងមុខ ក្រសួងនឹងរៀបចំតាមលក្ខណៈបច្ចេកទេសឱ្យអ្នកជំងឺចេញពីមន្ទីរពេទ្យតែម្ដង ហើយសមាជិកក្រុមគ្រួសាររបស់គាត់៣នាក់ទៀត ដែលធ្វើតេស្តអវិជ្ជមាននៃកូរ៉ូណាវីរុសថ្ងៃនេះក៏នឹងបានរួចផុតពីការសង្កេតតាមដានសុខភាពចំនួន១៤ថ្ងៃស្របពេលជាមួយគ្នាទៅនឹងការចាកចេញពីមន្ទីរពេទ្យរបស់អ្នកជំងឺខាងលើផងដែរ។
សូមរម្លឹកថា អ្នកជំងឺជាបុរសជនបរទេស ជនជាតិចិន មានអាយុ ៦០ឆ្នាំ ដែលមន្ត្រីសុខាភិបាលបានរកឃើញថាមានផ្ទុកCorona Virus បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០កន្លងមក បានជាសះស្បើយ ដោយឡែកក្រុមគ្រួសាររបស់គាត់ចំនួន៣នាក់ផ្សេងទៀត មិនមានឆ្លងកូរ៉ូណាវីរុសនោះទេ ៕