ពេលគេនិយាយពីរឿងប្រមូលពន្ធគេតែងតែលើកពីមន្រ្តីគយ ដែលទទួលបន្ទុកប្រមូលពន្ធចូលថវិកាជាតិ។ យ៉ាងណាមិញ មានស្ថាប័នចំនួនពីរទទួលបន្ទុកប្រមូលពន្ធ ដែលអ្នកត្រូវដឹង។
មួយគឺអគ្គនាយកដ្ឋានពន្ធដារដែលផ្ដោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យជាដើម។ ដោយឡែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គឺទទួលបន្ទុកប្រមូលពន្ធលើទំនិញចូលនិងចេញពីប្រទេស។
ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ២០២២ កម្ពុជាប្រមូលចំណូលពន្ធបានចំនួន ១៧២៦ លានដុល្លារកើនឡើង ២៧,៩៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រថយន្ត និងគ្រឿងចក្របានឈរនៅលំដាប់កំពូលក្នុងបញ្ជីប្រភពចំណូលគយ និងពន្ធដារចំនួន ៤៣ ភាគរយ។
ដោយឡែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបញ្ជាក់ដែរថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ នរកចំណូលពន្ធគយបានចំនួន ១,២៩៣ លានដុល្លារ ស្មើ ៥០,១ ភាគរយនៃផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២។
ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថា ការប្រមូលប្រាក់ចំណូលពន្ធនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងសម័យមុនកូវីដ-១៩ ដែលមានចន្លោះពី៥០០ លានដុល្លារ ទៅ៧០០ លានដុល្លារក្នុងមួយខែ។ ប៉ុន្តែវាប្រសើរជាងប្រាក់ចំណូល ៤០០លានដុល្លារដែលទទួលបានពីពន្ធក្នុងអំឡុងពេលកូវីដ-១៩៕