និស្សិតអាហារូបករណ៍ អ្នកឧកញ៉ា ចេន ហ្ស៊ី ២០នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គពិសេស ៣ថ្ងៃ

ជុំវិញ​ឧកញ៉ា

មូលនិធិព្រីនស៍ បានសហការជាមួយក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍ទេពកោសល្យ Grow4Growth រៀបចំ​សិក្ខាសាលាបណ្តុះបណ្តាលជំនាញទន់ រយៈពេល ៣ថ្ងៃ ជូនដល់​និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ទាំង ២០នាក់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ខ្លួន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញក្នុងការគិតពិចារណា​​របស់​ពួកគេ។ សិក្ខាសាលានេះ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ជាភាសាខ្មែរ និង​ភាសាអង់គ្លេស ដោយគ្រូជំនាញល្បីក្នុងស្រុក ដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃដំបូងនៃវគ្គបណ្តុះបណ្តាល និស្សិតបានសិក្សា និងអភិវឌ្ឍសក្តានុពល​របស់ពួកគេ ដោយបានពង្រឹង​នូវការស្គាល់អំពីខ្លួនឯង ដឹងពីគោលដៅរបស់ខ្លួន និងវិធីសាស្រ្តសម្រាប់ការលើកទឹកចិត្តខ្លួនឯង។ ថ្ងៃទីពីរ​នៃវគ្គបណ្តុះបណ្តាល និស្សិតរបស់យើងបានទទួលការបំប៉នចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាច​គ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួននាពេលបច្ចុប្បន្ន និងអនាគតដោយជោគជ័យ ខណៈដែលថ្ងៃចុងក្រោយ​នៃវគ្គ​បណ្តុះបណ្តាលបានផ្តោតទៅលើការអភិវឌ្ឍជំនាញក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត និងជំនាញវិភាគ ដែលជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមនានាក្នុងអំឡុងពេលសិក្សារបស់ពួកគេ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍​ថា៖ “ជំនាញនានា ក៏ដូចជាជំនាញវិភាគដែលតម្រូវឱ្យមាន ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្ហាញឱ្យឃើញថាសិស្សនិស្សិតមិនអាចពឹងផ្អែកលើការសិក្សាក្នុងសាលាតែមួយមុខនោះទេ”។ លោក​បានបន្តថា៖ “ការសិក្សាពេញមួយជីវិត ជំនាញវិភាគ និងជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺរឹតតែមានសារៈ​សំខាន់​សម្រាប់និស្សិតសាកលវិទ្យាល័យដែលកំពុងស្វែងរកអនាគតដ៏ល្អមួយ ហើយមូលនិធិព្រីនស៍ មានសេចក្តី​រីករាយក្នុងការសហការជាមួយ Grow4Growth ដើម្បីធានាឱ្យបានថា សិស្សនិសិត្សរបស់យើង​ទាំងអស់ បានរៀបចំខ្លូនរួចរាល់សម្រាប់អនាគតរបស់ខ្លួន”។

ជាមួយគ្នានេះ លោកស្រី Kim Tol Tan ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Grow4Growth Consultant បានមានប្រសាសន៍ថា៖ “ការអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលគ្រប់រូប គឺជាបេសកកម្ម​របស់​យើង ហើយយើងមានកិត្តិយសក្នុងការធ្វើសហការជាមួយ មូលនិធិព្រីនស៍ និងនិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ដែលពួកគាត់បានបង្ហាញពីឆន្ទៈ និងសក្តានុពលរបស់ខ្លួនក្នុងអំឡុងពេលសិក្ខាសាលា”។ លោកស្រី​បាន​បន្តថា៖ “យើងមានកិត្តិយស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សមត្ថភាព​របស់យុវជន​កម្ពុជា​យើងឲ្យមានអនាគតភ្លឺស្វាង”។

សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍របស់ មូលនិធិព្រីនស៍ គឺជាមូលនិធិសប្បុរសធម៌របស់ ព្រីនស៍ ហូល​ឌីង គ្រុប ហើយ​អាហារូបករណ៍ ចេន ហ្ស៊ី នេះ​ គឺ​ដាក់ឈ្មោះតាមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប ដែល​មានគោលបំណងផ្តល់ទាំងជំនួយក្នុងការសិក្សា និងបទពិសោធន៍ការងារ​ដល់​និស្សិត ដោយធានាថាពួកគេទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាឱកាសក្នុងការដក​បទពិសោធន៍​ការងារស្ដង់ដាអន្តរជាតិ៕