ដឹងអត់ថា អ្នកឧកញ៉ា សុខ គង់ ទទួលបានប្លង់រឹង កាន់កាប់ដីជិត ២៤០០ហិកតា លើភ្នំបូកគោ នៅឆ្នាំណា?

ជុំវិញ​ឧកញ៉ា

ភ្នំបូកគោ មានចំងាយពីក្រុង កំពត ៤២គីឡូម៉ែត្រ រហូតដល់កំពូលភ្នំ។ កាលដំបូងឡើយ បូកគោ គឺជាទី​កន្លែង​សម្រាប់​លំហែកាយ ក្នុងការផ្លាស់ប្តូរអាកាសធាតុ នៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ស្ថិតនៅលើកំពូលភ្នំ ដែលមានកំពស់ ១០៧៥ ម៉ែត្រ អាកាសធាតុនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិ​ទាំង​ឡាយមានភាពរីកស្រស់គ្រប់ពេលវេលា។ បច្ចុប្បន្ន​ភ្នំបូកគោ ​​ត្រូវ​បាន​ក្រុមហ៊ុន សុខា អូតែល របស់​អ្នក​ឧកញ៉ា សុខ គង់ ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​ លើ​ផ្ទៃដី​​​ជិត​ ២៤០០ ហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន សុខា អូតែល ទទួល​បាន​សិទ្ធិ​ជួល​​រយៈពេល​វែង ៩៩ឆ្នាំ ​ក្នុង​ទំហំ​ដី​សរុប ២៣៨៨ ហិកតា ​​ដោយ​គិត​ចាប់ពី​ថ្ងៃទី ៣១ ខែ​សីហា ឆ្នាំ​២០១០ ប៉ុន្តែ​ពេល​នោះ​ពុំ​ទាន់​ទទួល​បាន​វិញ្ញាបនបត្រសម្គាល់សិទ្ធិ (ប្លង់រឹង) ​នៅ​ឡើយ​ទេ។ លុះដល់​ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១២ ទើប​ក្រុមហ៊ុន​ ទទួល​បាន​ប្លឹង​រឹង តាម​រយៈ​វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​ជួល​​រយៈពេលវែង លេខ​ កព០០០៣ ដោយ​មាន​ទំហំដី ១៥៦៣០០០០ម៉ែត្រ​ក្រឡា (១៥៦៣ ហិកតា) ស្ថិត​នៅ​ភូមិ​គីឡូ​១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្ត​កំពត។ ក្រោយ​មក​ ក្រុមហ៊ុន សុខា អូតែល ​​ក៏​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​ជួល​អចិន្ត្រៃយ៍ (ប្លង់រឹង) ​​មួយ​ទៀត លេខ​ កព ០០២០៥​ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៨​ ដែល​មាន​ទំហំ​ដី ៨២៥៣៨៧៤ ម៉ែត្រ​ក្រឡា (ជាង ៨២៥ ហិកតា) ​ស្ថិត​នៅ​ភូមិ​ត្រពាំង​រពៅ ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត។

ថ្មីៗនេះ​ តាមរយៈលិខិត​ស្នើសុំ​​លេខ ០១៥ សអ ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២២ អ្នក​ឧកញ៉ា សុខ គង់ ក៏​បាន​ស្នើសុំ​រាជរដ្ឋាភិបាល​កម្ពុជា ​ពង្រីក​បន្ថែម​ទីតាំង​ដី​ទំហំ ១១ ១៧៧ ហិកតា ​​សម្រាប់​គម្រោង​អភិវឌ្ឍន៍​​របស់​ក្រុមហ៊ុន​ សុខា អូតែល ​​នៅ​ឧទ្យានជាតិ​ព្រះ​មុនីវង្ស “បូកគោ”​ផង​ដែរ។

ភូមិសាស្ត្រ​ឧទ្យានជាតិ​មុនីវង្ស “បូកគោ” ​ជា​អតីត​ទីក្រុង​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ ១៩២៥-១៩៦២ ​​ដ៏​មាន​សក្តា​នុពល ដែល​មាន​អាកាសធាតុ​ត្រជាក់​ល្អ បរិសុទ្ធ ទេសភាព​ធម្មជាតិ​តំបន់ភ្នំ-សមុទ្រ​ដ៏​ពិសិដ្ឋ​គ្មាន​ពីរ​នៅ​កម្ពុជា ​​និង​ជា​គោលដៅ​ទេសចរណ៍​ប្រណីត​កម្រិត​ខ្ពស់ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ទីក្រុង​រដ្ឋបាល ដែល​បាន​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន​ ដូចជា អគារដ្ឋបាល ព្រះរាជដំណាក់ លំនៅឋាន អគារសេវាកម្ម សាលា​ក្រុង ប្រៃសណីស៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្ត៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គីសនី និងទំនប់ទឹកបារាំង។ល៕