ចំណូលពន្ធគយ បានមកពីវិស័យយានយន្ត បានចូលរួមចំណែកប្រមាណដល់ទៅ ៤៥% នៃចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គិតត្រឹមក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ។ នេះបើតាមសេចក្តីរាយការណ៍ពីឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
យោងតាមរបាយការណ៍ អំពីលទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ចំពោះចំណូលតាមក្រុមទំនិញ ឯកឧត្តម គុណ ញឹម បានបញ្ជាក់ថា ចំណូលពីវិស័យយានយន្ត និងគ្រឿងចក្រមានចំនួន ២ ៣៧១,៥ ប៊ីលានរៀល (ត្រូវជា ៤៥,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ១ ៤៥៦,១ ប៊ីលានរៀល (ត្រូវជា ២៧,៧% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ១ ១១០,៣ ប៊ីលានរៀល (ត្រូវជា ២១,១% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៣២១,៦ ប៊ីលានរៀល (ត្រូវជា ៦,១% នៃចំណូលសរុប)៕