ថ្លែងក្នុងកម្មវិធីវឌ្ឍនភាពនៅព្រឹកមិញនេះលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យលុបចោលកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខសេវាទូរសព្ទ និងអ៊ីនធឺណិតនៅតាមបុរីនានា ព្រោះធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រើប្រាស់។
តាមបទបញ្ជាសម្តេចតេជោ អត់មានឲ្យផ្តាច់មុខទៀត គឺត្រូវតែរំលាយចោលនូវរាល់ភាពផ្តាច់មុខទាំងអស់ ហើយការអនុវត្តន៍ចាប់ពីថ្ងៃស្អែកនេះតទៅ។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាសេវាទូរស័ព្ទ និងអ៉ីធឺណិតនៅតាមបុរី ក្រសួងបានសម្រេចជ្រើសរើសយកបុរី ប៉េងហួត ជាគំរូមុនគេ និងបន្តដោះស្រាយតាមបុរីផ្សេងៗទៀត។
ក្នុងរាជធានីភ្នំពេញមានបុរីជាង ១០០ ហើយក្រុមការងាររបស់ក្រសួងបានចុះធ្វើការតេស្តសេវាទូរស័ព្ទ នៅក្នុងបុរីបានចំនួន ៦០ នៅ ៤០បុរីទៀត។ បើតាមលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បុរីខ្លះផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ឺធឺណិត ដែលនាំឲ្យអ្នកប្រើប្រាស់មានការលំបាក ក្នុងការប្រើប្រាស់ព្រោះគ្មានជំរើស៕