ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន យល់ថាផលិតផលខ្មែរច្រើនណាស់ដែលបានតាំងបង្ហាញ នៅក្នុងសណ្ឋាគារ សុខា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប៉ុន្តែលោកបានដឹងពីព័ត៌មានតិចតួចប៉ុណ្ណោះពីផលិតកម្មមួយចំនួនធំ ដោយសារតែមន្ទីរព័ត៌មាននៅតាមខេត្ត រវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តពេក ហើយលោកយល់ថាផ្នត់គំនិតនេះល្មមដូរចេញហើយ។
រដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា នៅថ្ងៃ ៣ សីហា ២០២២ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីចេញពីប្រជុំហើយ លោកបានដើរមើលពិព័រណ៌ផលិតផលខ្មែរ ដែលក្រសួងពាណិជ្ជកម្មបានរៀបចំនៅក្នុងសណ្ឋាគារ សុខា ជ្រោយចង្វា ។ លោកឃើញមានផលិតផលខ្មែរច្រើនណាស់ដែលដាក់តាំងបង្ហាញ ហើយមួយចំនួនធំមាននៅតាមខេត្តទៅទៀត ប៉ុន្តែលោកបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន។
ឯកឧត្តម ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា៖ “ផ្នត់គំនិតនេះ ល្មមដូរហើយ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំ ដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ”។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ក្នុងពិធីដ៏ធំនេះ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំឱ្យមានការតាំងពិព័រណ៌ផលិតផលខ្មែរជាច្រើនផងដែរ ដើម្បីជួយផ្សព្វផ្សាយដល់ភ្ញៀវជាតិ ជាពិសេសភ្ញៀវអន្តរជាតិ បានយល់ដឹងអំពីផលិតផលក្នុងស្រុក៕