នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា បច្ចុប្បន្នជារៀងរាល់ខែ រាជរដ្ឋាភិបាលត្រូវបន្តចំណាយ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំងឺឆ្លងកូវីដ១៩ ខណៈបច្ចុប្បន្ននៅបន្តចិញ្ចឹមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដដែល។ ការអះអាងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ធ្វើឡើងក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហានេះ។
សម្ដេចតេជោគូសបញ្ជាក់ថា ខ្មែរក្រ ក៏ប៉ុន្តែខ្មែរយកចិត្តទុកដាក់ ទៅលើសុខមាលភាព និងការរស់រានរបស់ប្រជាជន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល នឹងបន្តជួយដល់មនុស្សជិត៣លាននាក់បន្ថែមទៀត ដែលមិនឲ្យគាត់ស្ថិតក្នុងស្ថានភាពលំបាក ក្នុងកាលៈទេសៈនៃកូវីដ-១៩ និងអតិផរណានោះទេ។
បើតាមប្រមុខរាជរដ្ឋាភិបាល កម្មករឥឡូវមិនមានបញ្ហាទៀតទេ នៅសល់តែកម្មករផ្នែកសណ្ឋាគារ នៅខេត្តសៀមរាបតែប៉ុណ្ណោះ ដែលត្រូវផ្តល់ប្រាក់ឲ្យគាត់ប្រចាំខេត្ត ហើយកម្មវិធីសង្គមទាក់ទងនឹងអ្នកមានផ្ទៃពោះ៖ ពីចាប់ផ្តើមមានផ្ទៃពោះ រហូតដល់កូនអាយុពីរឆ្នាំ នៅតែអនុវត្តធម្មតា និងកម្មវិធីជួយកម្មការិនីរោងចក្រដែលឆ្លងទន្លេ នៅតែផ្តល់ធម្មតា។
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,៩៥៩នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន ១៣៣,៦៤០នាក់ ហើយក្នុងនោះកម្ពុជាក៏មានអ្នកស្លាប់សរុបចំនួន ៣,០៥៦នាក់៕