ជប៉ុន និងអាមេរិកចាប់ដៃគ្នា ប្រឆាំងចិន ជុំវិញបញ្ហាកោះតៃវ៉ាន់

អន្តរជាតិ

ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើការព្រមព្រៀងគ្នា នៅថ្ងៃសុក្រនេះ ដើម្បីធ្វើការរួមគ្នា លើការរក្សាសន្តិភាព នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងតែមានភាពតានតឹងខ្លាំងឡើង បន្ទាប់ពីចិន បានបើកការសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក រួមទាំងការបាញ់គ្រាប់មីស៊ីលចំនួន ៥ គ្រាប់ ធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានស្ថិតនៅក្នុងប្រទេសជប៉ុន នៃដំណើរទស្សនកិច្ចចុងក្រោយរបស់លោកស្រីនៅអាស៊ី និងរួមទាំងការឈប់សម្រាករយ:ពេលខ្លី និងគ្មានការប្រកាសប្រាប់មុន នៅកោះតៃវ៉ាន់ កាលពីកន្លងទៅផងដែរ សម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុត ដោយមន្ត្រីអាមេរិក ទៅកាន់កោះមួយនេះ ក្នុងរយ:ពេល ២៥ ឆ្នាំចុងក្រោយ ។

អំឡុងដំណើរទស្សនកិច្ចនោះ បានធ្វើឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងមានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់ឈានដល់ការប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំផងដែរ។ ហើយកាលពីម្សិលមិញ យោងតាមទូរទស្សន៍រដ្ឋមួយបាននិយាយថា គ្រាប់មីស៊ីលចំនួន ៥ គ្រាប់ បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន (EEZ) ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលទីក្រុងតូក្យូ មានប្រតិកម្មយ៉ាងខ្លាំង តាមរយ:បណ្តាញការទូតរបស់ខ្លួន ។

មិនតែប៉ុណ្ណោះ លោកស្រី Pelosi បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក​ Fumio Kishida នៅអំឡុងដំណើរទស្សនកិច្ចចុងក្រោយនោះ ដោយលោក Kishisda បាននិយាយថា ប្រទេសសម្ព័ន្ធមិត្តទាំង ២ នឹងធ្វើការជាមួយគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ។

គួរឱ្យដឹងផងដែរថា លោកស្រី Pelosi បានទៅដល់ប្រទេសជប៉ុន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កោះតៃវ៉ាន់ និងទៅកាន់កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាកន្លែងលោកស្រីបានប្តេជ្ញាគាំទ្រ ក្នុងការលុបបំបាត់នុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ៕