រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើទៅកាន់ប្រតិភូក្រុមហ៊ុនវិនិយោគមកពីសភាពាណិជ្ជិកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ងាកមកចាប់អារម្មណ៍បណ្តាក់ទុននៅខេត្តព្រះសីហនុ និងខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។
ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនវិនិយោគមកពីសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃប្រមាណ៦០រូប ដឹកនាំដោយលោក SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។
លោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បានចាត់ទុកដំណើរទស្សនកិច្ចស្វែងយល់របស់ប្រតិភូថៃ មានសារៈសំខាន់សម្រាប់ពង្រឹងទំនាក់ទំនងបន្ថែមទៀតលលើវិស័យ សេដ្ឋកិច្ច វិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មខណៈពេលដែលកម្ពុជាកំពុងបើកដំណើរការជាប្រក្រតីផ្នែកសង្គមសេដ្ឋកិច្ចឡើងវិញ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យអ្នកវិនិយោគថៃ មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនថែមទៀត ពីព្រោះកម្ពុជាកំពុងមានសុខសន្តិភាពបរិបូរណ៌ មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលភាពអនុគ្រោះពាណិជ្ជកម្ម។ បន្ថែមពីនេះលោកក៏ជំរុញឲ្យភាគីថៃចាប់អារម្មណ៍បណ្តាក់ទុន នៅខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលចាត់ទុកខេត្តទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលខ្លាំងផ្នែកទេសចរណ៌ផងដែរ។
ជាការឆ្លើយតបវិញ លោក SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បានលើកឡើងដែរថា កម្ពុជាជាប្រទេសទី១ ក្នុងដំណើរទស្សនកិច្ចស្វែងយល់របស់ប្រតិភូថៃ ក្នុងក្របខ័ណ្ឌប្រទេស CLMV គឺកម្ពុជា ឡាវ វៀតណាម និងភូមា។
លោកបញ្ជាក់ដែរថា៖បច្ចុប្បន្ន សភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ មានសមាជិកជាង១០ម៉ឺននាក់ បានផ្តោតទៅលើវិស័យសំខាន់ៗរួមមាន៖ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ចំណីអាហារ សេវាកម្ម និងទេសចរណ៍ ជាដើម ខណៈនៅកម្ពុជា អ្នកវិនិយោគថៃកំពុងមានការបណ្តាក់ទុនជាច្រើនផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំពិភាក្សានេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាទៅលើចំណុចលើកឡើងទាំងឡាយដែលជាកង្វល់ និងសំណូមពរពីខាងភាគីថៃ មានដូចជា៖ ការពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែន-ការប្រើប្រាស់បច្ចេកវិទ្យាបៃតងក្នុងរោងចក្រ-ឧស្សាហកម្ម ពាណិជ្ចកម្មរ៉ែត្បូង-ភាពប្រុងប្រយ័ត្នការនាំចូលវត្ថុធាតុដើមជាសារធាតុគីមី និងផលិតផលពីប្លាស្ទិក ដែលយើងចាត់ទុកថាជាទំនិញគ្រោះថ្នាក់ និងខូចខាតដល់បរិស្ថានជាដើម៕