ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) បានដាក់ចេញនូវគោលនយោបាយជំរុញឌីជីថលនីយកម្មក្នុងធុរកិច្ច-ពាណិជ្ជកម្ម និងអភិបាលកិច្ចសាធារណៈ ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។
នេះបើតាមកិច្ចប្រជុំពិភាក្សាការងារ និងពិគ្រោះយោបល់រវាងលោក សុខ សុភ័ក្ត្រ ជាមួយគណៈប្រតិភូរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO)កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំផ្តោតសំខាន់លើការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ពិសេសបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែលកម្ពុជាបានចុះហត្ថលេខា និងកំពុងចរចាជាមួយដៃគូពាណិជ្ជកម្ម។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើង អំពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកំណត់ និងដាក់ឱ្យអនុវត្តនូវយន្តការគាំពាសង្គម-សេដ្ឋកិច្ចក្នុងបរិការណ៍ជំងឺរាតត្បាតកូវីដ-១៩។លោកថា ដោយសារគោលនយោបាយគាំពារទាំងនេះ កម្ពុជានៅតែសម្រេចបាននូវកំណើននាំចេញក្នុងរង្វង់ ២៦% ក្នុងឆមាសទីមួយឆ្នាំ២០២២នេះ បើទោះបីជាវិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែននៅបន្តបង្កផលប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលក្តី។
លោកបានបន្តថា ស្របពេលដែលកម្ពុជាបាននឹងកំពុងសិក្សាលទ្ធភាពបង្កើត FTAs ជាមួយដៃគូពាណិជ្ជកម្មសក្តានុពលផ្សេងទៀត (ឥណ្ឌា ជប៉ុន អេមីរ៉ាតអារ៉ាប់រួម..ល) រដ្ឋាភិបាលក៏បានជំរុញកំណែទម្រង់ក្នុងស្រុក ដើម្បីធានាអនុលោមភាពតាមបទដ្ឋាន និងស្តង់ដារអន្តរជាតិថែមទៀត។
សូមបញ្ជាក់ថា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ បាននិងកំពុងបំពេញការងារពិគ្រោះយោបល់ប្រចាំឆ្នាំដោយផ្ទាល់ (Annual Consultation Visits) ជាមួយបណ្តាស្ថាប័នរដ្ឋ-ឯកជននៅកម្ពុជា ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីស្វែងយល់ពីព័ត៌មានលម្អិត និងផ្លូវការ សម្រាប់ជាធាតុចូលដល់ការវិភាគប្រកបដោយគុណភាព និងស៊ីជម្រៅ ដើម្បីរៀបចំជារបាយការណ៍លទ្ធផលស្រាវជ្រាវស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាជារួម ដែលមានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពិគ្រោះគោលនយោបាយ និងសម្រាប់វិនិយោគិនបរទេសប្រើប្រាស់ក្នុងការពិចារណាវិនិយោគនៅកម្ពុជា៕