ម្ចាស់សិប្បកម្ម​នៅ​សៀមរាប ច្នៃត្រីងៀត​ឲ្យមានស្ដង់ដា ដើម្បី​​នាំចេញទៅក្រៅប្រទេស

អាជីវកម្ម

ម្ចាស់សិប្បកម្មច្នៃត្រីងៀត កញ្ញា ទួន សាវ៉ៃ ខិតខំប្រឹងប្រែងក្នុងការកែច្នៃត្រីងៀតឲ្យមានសុវត្ថិភាព ឲ្យ​ស្របទៅតាមស្ដង់ដានៃផលិតផល ដើម្បី​អាច​នាំចេញទៅលក់នៅក្រៅប្រទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា ទួន សាវ៉ៃ អាយុ ៣៨ ឆ្នាំ ជាម្ចាស់សិប្បកម្មច្នៃត្រីងៀតមួយកន្លែងនៅក្នុង ភូមិគោកឫស្សីខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ម្ចាស់សិប្បកម្មរូបនេះបានប្រាប់​ឧកញ៉ាញូស៍​តាម​ទូរសព្ទ​ថា បានចាប់អាជីពមួយនេះអស់រយៈពេល ៥ ឆ្នាំមកហើយ ដោយការទិញត្រីស្រស់ពីគេយកមកច្នៃជាត្រីងៀតលក់ចេញជូនអតិថិជនសម្រាប់បរិភោគ និងឈ្មួញយកទៅលក់បន្តតាមបណ្ដារាជធានីខេត្តមួយចំនួន។

កញ្ញា ទួន សាវ៉ៃ ប្រាប់​ថា ការលក់ចេញបានច្រើនឬតិចទៅតាមរដូវ ដោយខែប្រាំងលក់បានច្រើន ក្នុងមួយខែអាចលក់ចេញបានពី ១០ទៅ ១២តោន និងក្នុងមួយថ្ងៃច្នៃបានពី ៣០០ ទៅ៤០០គីឡូក្រាម។ ចំណែកខែវស្សា ការលក់គឺធ្លាក់ចុះខ្លាំងមួយខែលក់ចេញបានប្រហែលពី ២ទៅ ៣តោនប៉ុណ្ណោះព្រោះខែវស្សាជាខែដែលសម្បូរត្រី។

សម្រាប់ដំណើរការនៃការកែច្នៃ កញ្ញា​បញ្ជាក់ថា ត្រីដែលទិញបានមកគឺយកទៅលាងជម្រះឲ្យស្អាត រួចត្រាំទឹកកកទុកមួយយប់ ទើបព្រឹកឡើងយកទៅប្រឡាក់ និងហាលត្រឹមតែមួយថ្ងៃអាចលក់ចេញបានហើយ។ តម្លៃនៃការលក់ចេញក្នុង ១ គីឡូក្រាមថ្លៃ ២៨០០០រៀល-៣០០០០រៀក តាមប្រភេទត្រីស្ងួតឬសើម។

កញ្ញា ទួន សាវ៉ៃ បាន​ឲ្យ​ដឹង​បន្ថែម​ថា អាចច្នៃត្រីងៀតបានរហូតដល់ ៣ រសជាតិគឺ ប្រៃ ជូរប្រៃ និងផ្អែម។ រីឯត្រីដែលត្រូវយកមកធ្វើងៀតនោះមានច្រើនប្រភេទដូចជា ​ត្រីរស់ ត្រីអណ្ដែង និងត្រីប្រាជាដើម។

ជុំវិញ​ការ​ចាប់​មុខ​របរ​មួយ​នេះ បើ​តាម​កញ្ញា ទួន សាវ៉ៃ ក៏​ស្ទើរតែបោះបង់ចោលម្ដងៗទៅហើយ ដោយសារតែការ​ហត់​នឿយ ​និងខ្វះដើមទុនសម្រាប់ដំណើរការសិប្បកម្ម។

យ៉ាងណាមិញ សហគ្រិនស្រ្តី​រូប​នេះកំពុងបន្តសិក្សាតាមវគ្គសិក្ខាសាលាបន្ថែម ដើម្បីយកចំណេះដឹងមកជំរុញសិប្បកម្មឲ្យបានប្រសើរឡើង ដើម្បី​ឲ្យ​មានស្ដង់ដារអាច​នាំចេញទៅក្រៅប្រទេស។

សូមបញ្ជាក់ថា សិប្បកម្ម​របស់​កញ្ញា ទួន សាវ៉ៃ ថ្មីៗនេះ​បានទទួល​កញ្ចប់ថាវិកា​ពី​គម្រោង​របស់​អង្គការ UNIDO ក្រោមកម្មវិធីគាំទ្រដល់សហគ្រាស ទាក់ទងបច្ចេកទេសកែច្នៃជលផល ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបតាមស្តង់ដាទីផ្សារនាំចេញ៕