ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គសម្តែងទឹកព្រះទ័យអបអរសាទរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី៥ សីហានេះ។
ក្នុងព្រះរាជសារ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី គូសបញ្ជាក់កោតសរសើរសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។
គួររម្លឹកផងដែរថា ផ្តើមចេញពីស្នាដៃនៃការដឹកនាំក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព រួមទាំងចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនពីសាកលវិទ្យាល័យនៅតាមបណ្តាប្រទេសនានា៕