ក្នុងជំនួបសំណេះសំណាល និងសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានិងអូស្រ្តាលី នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរលឹកផងដែរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្រ្តាលី សម្រាប់ដំណើរស្វែងរកសន្តិភាព និងការដើរតួនាទីនាំមុខក្នុងអំទ្បុងពេលបេសកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ បន្ថែមពីនេះទៅទៀត ប្រទេសអូស្ត្រាលី បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាដល់វិស័យអប់រំធនធានមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតខ្ពស់ដល់ប្រជាជនកម្ពុជា និងជាពិសេសការគាំទ្រលើវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាផងដែរ។
លោក ហ៊ុន ម៉ាណែត បានធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានរំលឹកនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២ មក។
ជាការឆ្លើយតប លោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ក៏បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រសកម្មភាពមួយចំនួនក្នុងវេទិកាអន្តរជាតិកន្លងមក ក៏ដូចជាសម្តែងនូវក្តីរីករាយ និងការសាទរដល់ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវការគាំទ្របន្តទៀតដល់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ជំនួបសំណេះសំណាល និងសម្តែងការគួរសមរវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ធ្វើឡើងស្របពេលដែលលោកស្រី រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី កំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កម្ពុជានិងអូស្រ្តាលី ក៏បានបង្ហាញនូវទស្សនៈព្រមគ្នាថា កិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ គឺជាកត្តាសំខាន់ដែលត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងរក្សាឱ្យបានជាចាំបាច់។