កូនប្រុសលោកទៀ បាញ់ លោក ទៀ សីហា បានដឹកនាំរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ ដោយមានក្រុមកីឡាករតំណាងប្រទេសជាប់ដងទន្លេមេគង្គចំនួន ៤ ចូលរួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម។
ព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ រៀបចំឡើងនៅពហុកីឡដ្ឋានខេត្តសៀមរាប ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២។
ថ្ងៃបើកឆាកដំបូង កីឡាករវ័យចំណាស់រដ្ឋបាលខេត្តសៀមរាប ដែលមានលោកទៀ សីហា អភិបាលខេត្ត និងជាកូនប្រុសលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំបានប្រកួតយកឈ្នះលើក្រុមកីឡាករវ័យចំណាស់ថៃ ៣ ទល់នឹងសូន្យ។ ចំពោះក្រុមទី២ កីឡាករវ័យចំណាស់ប្រទេសឡាវ ដែលប្រកួតជាមួយក្រុមកីឡាករវ័យចំណាស់វៀតណាម លទ្ធផលបញ្ចប់ការប្រកួតក្រុមកីឡាករវៀតណាម បានយកឈ្នះលើក្រុមកីឡាករទ្បាវ ៣ ទល់នឹង១។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់សម្រាប់ប្រទេសតាមដងទន្លេមេគង្គ (ប្រទេសថៃ កម្ពុជា ឡាវ និងប្រទេសវៀតណាម) ធ្វើឡើងដើម្បីពង្រីកនូវសក្តានុពលទេសចរណ៍សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAME – ASEAN PARA GAME 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕