Evergrande ទទួលបានជាង ៨០០ លានដុល្លារ ពីការលក់សិទ្ធិកាន់កាប់ដី​ កីឡដ្ឋានបាល់ទាត់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Evergrande Group បាននិយាយនៅក្នុងពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួន នឹងទទួលបានទឹកប្រាក់ ៨១៨ លានដុល្លារ ពីការលុបចោលកិច្ចសន្យាទិញសិទ្ធិកាន់កាប់ដីធ្លី សម្រាប់សាងសង់កីឡដ្ឋានបាល់ទាត់ថ្មីរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសាងសង់កីឡដ្ឋានបាល់ទាត់ របស់ក្រុមហ៊ុន Evergrande បានចាប់ផ្តើមជាងពីរឆ្នាំមកហើយ ប៉ុន្តែយ៉ាងណាវាត្រូវបានផ្អាកវិញ បន្ទាប់ពីក្រុមហ៊ុន បានជួបបញ្ហាអស់រយ:ពេលជាច្រើនខែកន្លងមកនេះ ។

គួរឱ្យដឹងថា កីឡដ្ឋាននេះ គឺជាផ្ទះថ្មី សម្រាប់ក្រុមបាល់ទាត់ Gaungzhou FC ជាក្រុមនៅក្នុងលីគកំពូលរបស់ប្រទេសចិន ដែលក្រុមហ៊ុន Evergrande បានទិញយកភាគហ៊ុន គ្រប់គ្រង នៅក្នុងឆ្នាំ ២០១០ ។

Evergrande បានបញ្ជាក់ថា សាច់ប្រាក់ដែលបានពីការលក់សិទ្ធិកាន់កាប់ដីធ្លីនេះ នឹងត្រូវប្រើប្រាស់សម្រាប់ធ្វើការទូទាត់បំណុល ដែលទាក់ទងទៅនឹងគម្រោងសាងសង់កីឡដ្ឋាននេះតែម្តង ខណ:ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅពេលដែលក្រុមហ៊ុន កំពុងព្យាយាមធ្វើការរៃអង្គាសប្រាក់ ដើម្បីទូទាត់បំណុលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន។

ក្រុមហ៊ុន Evergrande បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយ ទៅកាន់ផ្សារហ៊ុនហុងកុងថា នៅក្រោមកិច្ចព្រមព្រៀងនេះ ដែលរួមមាន ដី អគារ​ និងរបស់របរផ្សេងទៀត ដែលទាក់ទងទៅនឹងកីឡដ្ឋាន នឹងត្រូវផ្ទេរសិទ្ធិទៅឱ្យការិយាល័យផែនការ និងធនធានធម្មជាតិរបស់ទីក្រុងក្វាងចូវ ជាអ្នកកាន់កាប់វិញ ។

បញ្ជាក់ផងដែរថា Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលក់ដាច់បំផុត នៅក្នុងប្រទេសចិន បានជួបជាមួយនឹងវិបត្តិ ចាប់តាំងពីឆ្នាំមុន ដោយបានជំពាក់បំណុលជាង ៣០០ ពាន់លានដុល្លារ ដែលក្នុងនោះបំណុលប្រហែល ២០ ពាន់លានដុល្លារ ត្រូវបានកាន់កាប់ដោយវិនិយោគិនមកពីក្រៅប្រទេស ៕