ពិព័រណ៍អន្តរជាតិប្រចាំឆ្នាំ២០២២ លើវិស័យ “ស្ថាបត្យកម្ម និងរចនាតុបតែង, សុខភាព និងសម្រស់, ម្ហូបអាហារ និងភេសជ្ជៈ” បានរៀបចំឡើងនៅសាលតាំងពិព័រណ៍កោះពេជ្រ ដែលមានការចូលរួមប្រមាណ ១៥០ ក្រុមហ៊ុន។
ក្នុងនាមជាដៃគូសហការ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងដាក់តាំងបង្ហាញពីផលិតផលនៃប្រទេសកម្ពុជា និងប្រទេសថៃ ដែលមានស្តង់ប្រមាណ ៧០ ស្តង់មកពី ១៥០ ក្រុមហ៊ុន។
ឧកញ៉ា ងួន ម៉េងតិច បានបន្តទៀតថា នេះជាលើកដំបូងដែលអនុញ្ញាតឲ្យមានអ្នកទស្សនាដោយផ្ទាល់ ក្រោយការរីករាយដាលនៃជំងឺកូវិដ-១៩។ តាមរយៈពិព័រណ៍នេះ ក្រុមហ៊ុននីមួយៗដែលបានដាក់ស្តង់បង្ហាញផលិតផលរបស់ខ្លួន ក៏ដូចជាវិស័យឯកជនទាំងមូលអាចងើបឡើងវិញនូវការធ្វើពាណិជ្ជកម្មរបស់ខ្លួនកាន់តែលឿនតាមរយៈពិព័រណ៍ដ៏អស្ចារ្យមួយនេះ។
សូមបញ្ជាក់ថា កម្មវិធីសម្ភោធនេះ ត្រូវបានធ្វេីឡេីងចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅអគាសន្និបាតកោះពេជ្រ៕