ក្នុងនាមជាអ្នកប្រឡូកសិល្បៈដោយផ្ទាល់ ឧកញ៉ា ខេមរៈ សិរីមន្ត ម្ចាស់គម្រោងដីឡូត៍ក្បែរក្រុងសៀមរាប បានចូលរួមបរិច្ចាគទឹកប្រាក់ ៥ពាន់ដុល្លារ ដើម្បីលើកទឹកចិត្តនឹងគាំទ្រដល់សិល្បៈករ សិល្បៈការិនីទាំង ៧ទម្រង់ ក្នុងកម្មវិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយសិល្បៈ និងសិល្បៈការិនីទាំង ៧ ទ្រង់ នៅថ្ងៃសៅរ៍ ទី៦សីហានេះ ក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។
កាលពីពេលថ្មីៗកន្លងទៅ លោកឧកញ៉ាក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារ ដល់បេក្ខជនប្រឡងចម្រៀង Cambodian Idol រដូវកាលទី៤ម្នាក់ ដែលធ្លាក់ត្រឹមវគ្គ Jude AuAudition។ នោះគឺយុវជនមកពីខេត្តស្ទឹងត្រែងឈ្មោះ ទុំ សុវត្ថិ រស់នៅកំព្រាជាមួយយាយតា ដោយសារឪពុកម្តាយបែកបាក់គ្នា និងចុះចោលតាំងពីខ្លួននៅតូចមកម្ល៉េះ។
លើសពីនេះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានចូលរួមអមដំណើរលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ចុះទៅព្យាបាល និងពិនិត្យសុខភាពមាត់ធ្មេញជូនដល់សមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប។ ក្នុងឱកាសនោះដែរ លោកឧកញ៉ា បានចូលរួមចំណែកមនុស្សធម៌ ដោយបរិច្ចាកថវិកាចំនួន ៥០០០ដុល្លារ។
ទន្ទឹមនឹងនោះ នៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលទើបទទួលបានងារជាឧកញ៉ា កាលខែកុម្ភៈ បានឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ជូនដល់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោហៅកាត់ថា TYDA ផងដែរ៕