កាលពីពេលថ្មីៗនេះ មហាសេដ្ឋីរុស្ស៊ី Alexander Abramov បានដាក់ពាក្យបណ្ដឹងប្ដឹងលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើខ្លួនលើសទំងន់ ដែលបណ្ដាលឲ្យមានការខាតបង់ថវិកាអស់ច្រើនសន្ធឹក។ នេះបើតាមការចុះផ្សាយពី ABC។
បន្ថែមពីនោះ មេធាវី Ron Merkel QC របស់ស្ដេចត្រាញ់ខាងលើបានប្រាប់ទៅកាន់តុលាការថា ទណ្ឌកម្មសេដ្ឋកិច្ចដែលអាជ្ញាធរអូស្ត្រាលីបានដាក់មកលើកូនក្ដីរបស់ខ្លួន គឺជះឥទ្ធិពលអាក្រក់ច្រើនដល់កិត្តិយស និងការរកស៊ីដែលបណ្ដាលឲ្យស្ថានភាពហិរញ្ញវត្ថុរបស់មហាសេដ្ឋីរុស្ស៊ីកាន់តែខាតបង់ជាងមុន។
ដោយឡែក គោលបំណងនៃការប្ដឹងផ្ដល់ខាងលើគឺ លោក Abramov ចង់ឲ្យអូស្ត្រាលីដកហូតទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកចេញ ដ្បិតប្រទេសដទៃទៀតគឺមិនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមមហាសេដ្ឋីរុស្ស៊ី ដូចជានៅអូស្ត្រាលីឡើយ។
សូមរំលឹកដែរថា កាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលីបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមមហាសេដ្ឋីរុស្ស៊ីប្រមាណ ៦៧ នាក់ ដោយសារការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ៕