ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ វិស័យឧស្សាហកម្មមានរោងចក្របង្កើតថ្មីចំនួន ១០៨ក្រុមហ៊ុន ក្នុងចំណោមរោងចក្រសរុបចំនួន១៩៤៧ មានទុនវិនិយោគជាង ១៥,៧ពាន់លានដុល្លារអាមេរិក។ នេះបើលោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើកកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង កាលពីថ្ងៃទី៥ ខែសីហាម្សិលមិញ។
លោក ហេង សុខគង់ បានឲ្យដឹងថា ផលិតភាពក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ មានប្រមាណជាង ៧ពាន់លានដុល្លារអាមេរិកបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១មានការកើនឡើងប្រមាណជាង១៧៥ភាគរយតែបើធៀបនឹង១ឆ្នាំ២០២១ ឃើញថា ជិតប្រហាក់ប្រហែលគ្នា ខណៈឆ្នាំ២០២១ផលិតភាពមានតែជាង៨ពាន់លានដុល្លារប៉ុណ្ណោះ។
សម្រាប់ការនាំចេញកង់ទៅកាន់សហភាពអឺរ៉ុបវិញ លោក រដ្ឋលេខាធិការ បញ្ជាក់ថា ឆ្នាំ២០២១ កម្ពុជា បានក្លាយជាប្រទេសជាប់លំដាប់ថ្នាក់ទី១ នៅលើពិភពលោកដែលបាននាំចេញកង់ទៅសហភាពអឺរ៉ុបច្រើនជាងគេគឺប្រមាណ២៤ភាគរយដែលមានតម្លៃប្រមាណ៦០០លានដុល្លារអាមេរិក ខណៈចិនឈរលំដាប់ថ្នាក់លេខ២ មាន១៧ភាគរយ និងតៃវ៉ាន់ជាប់លេខ៣មាន១១ភាគរយ ដោយឡែកឆ្នាំ២០១៧ និងឆ្នាំ២០១៨ តៃវ៉ាន់ជាប់លេខ១ ចិនឈរលេខ២និងកម្ពុជាឈរលេខ៣៕