ការចិញ្ចឹមគោយកទឹកដោះរបស់រាជបណិ្ឌត្យសភាកម្ពុជា នៅឧទ្យានឫស្សីត្រឹប ក្នុងស្រុកឆែប ខេត្តព្រះវិហារ កំពុងខ្វះដើមទុន ខណៈដែលបណ្ឌិត សុខ ទូច បញ្ជាក់ជំហរថានៅតែបន្តដើរទៅមុខ។
បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងតាមទំព័រហ្វេសប៊ុកនៅយប់ថ្ងៃសៅរ៍ ទី៦សីហានេះ ថា ការចិញ្ចឹមគោទឹកដោះវាជាការលំបាកដោយសារខ្វះដើមទុន ប៉ុន្តែត្រូវតែទៅមុខ បណ្តុះអ្នកសិក្សាស្រាវជ្រាវដោយភ្ជាប់ការអនុវត្តន៍ជាក់ស្តែង។
លោកថ្លែងថា បើលោកជោគជ័យលោកនឹងត្រូវបន្តផ្ដល់ទឹកដោះគោឳ្យដល់ក្មេងកំព្រា, ក្មេងពិការ អូទីស្សឹម, កុមារដែលឪពុកម្តាយជាប់ឃុំឃាំង និងកូនសិស្សបឋមសិក្សានៅតំបន់ដាច់ស្រយ៉ាល។ លោកបន្តថា ទឹកដោះគោគឺជាអាហារសំណង់ ធ្វើឳ្យក្មេងលូតលាស់ទាំងបញ្ញានិងស្មារតី។
គួររំលឹកថា គោផើមពូជហូឡង់១០០ក្បាល បាននាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ឧសភា ឆ្នាំ២០១៩ ទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាពកម្ពុជា តេជោ សែន ឫស្សីត្រឹប ដោយគោមួយក្បាលតម្លៃ២ពាន់ដុល្លារ។
បណ្ឌិត សុខ ទូច កន្លងទៅធ្លាប់ប្រាប់អ្នកសារព័ត៌មានថា រោងគោបានសាងសង់អស់១៥ម៉ឺនដុល្លារ ននេះដោយមិនគិតរោងស្មៅ រោងរឹតយកទឹកដោះគោ និងរោងវិចខ្ចប់។ កសិដ្ឋានបានដាំស្មៅ១៥ហិកតា រួចនឹងឈានដាំដល់២០០ហិកតា។ រីឯរោងរឹត និងរោងវិចខ្ចប់់ ដែលគម្រោងនឹងសាងសងចំណាយអស់ជាង៦០ម៉ឺនដុល្លារ។
គួររំលឹកបន្តិចថា តំបន់ ឧទ្យានរាជបណ្ឌិត្យសភាពកម្ពុជា តេជោ សែន ឫស្សីតត្រឹប មានទំហំប្រមាណ១ម៉ឺនហិកតា ហើយត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ២០១៤ ខណៈដែលរាជបណ្ឌិត្យសភាពកម្ពុជា និងក្រុមហ៊ុនជប៉ុនមួយ បានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០១៨ ដើម្បីនាំយកសត្វកម្រនានា ដូចជាត្រីដូហ្វីន ឬត្រីផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះ មានអូរមួយឈ្មោះ អូរដាលាស់ ដែលជាអូរពីបុរាណកាល៕