ឧកញ៉ា ឃាង ពុទ្ធី មិនយល់ស្រប ដែលថាផ្ទះល្វែងនឹងធ្លាក់តម្លៃ នៅរយៈពេល១០ឆ្នាំខាងមុខ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា មិនយល់ស្រប​នោះ​ទេ ចំពោះ​ទស្សនៈ​មួយ​ចំនួន​ដែល​យល់​ថា ​​ផ្ទះល្វែង​នឹង​ធ្លាក់​ចុះ​តម្លៃ នៅ​រយៈពេល​ ១០​ឆ្នាំ​ខាង​មុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

CEO ក្រុមហ៊ុន Khompound PLC រូបនេះ បានមានអនុសាសន៍ថា សម្រាប់ការវិភាគតាមការរំពឹងទុក ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំទៀត គឺលោកមិនគិតថាតម្លៃផ្ទះល្វែងនៅប្រទេសកម្ពុជា ក៏ដូចជានៅទីក្រុង​ភ្នំពេញ មានការធ្លាក់ចុះទេ។ ទោះបីជាបច្ចុប្បន្នធ្លាក់ថ្លៃបន្តិចបន្តួច ឬធ្លាក់ក្នុងកំឡុងពេល១ឆ្នាំ ឬ២ឆ្នាំ ប៉ុន្តែ​វា​នឹង​ឡើង​ថ្លៃ​ប្រសើរ​វិញ នៅ​រយៈពេល​៤ឆ្នាំ ឬ​៥​ឆ្នាំ​ទៀត។ លោក​បន្ត​ថា នេះ​ជា​រឿង​ធម្មតា​ទេ នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​គឺ​តែង​មាន​ទំនរ​ឡើង​ចុះ​អាច​ ១០​ឆ្នាំ​ម្តង។

លោកឧកញ៉ា បានបន្ថែមថា តម្លៃអចលនទ្រព្យ ជាពិសេសផ្ទះនៅក្នុងប្រទេសកម្ពុជាយើង ឃើញថាតំបន់​មួយ​ចំនួន​ គឺ​នៅ​ទ្រឹង។ តំបន់មួយចំនួន នៅពេលឡើងថ្លៃ​ដល់​ចំណុច​មួយ​ហើយ ​​បាន​ធ្លាក់​ចុះ​បន្តិច​មក​វិញ ប៉ុន្តែ​សម្រាប់​តំបន់​ដែល​ទើប​អភិវឌ្ឍន៍​ថ្មីៗ ដូចជាតំបន់នៅជិត​ទំនប់​កប់​ស្រូវ តំបន់​នៅ​ជិត​​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី ឬ​តំបន់​នៅ​ជិត​ព្រលាន​យន្ត​ហោះ​ថ្មី យើង​ឃើញ​ថា​​តម្លៃ​ល្អ និង​មាន​ការ​ឡើង​បន្តិច​បន្តួច​ដែរ ហើយ​មិន​ធ្លាក់​ចុះ​នោះ​ទេ។

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ ឬ​មាន​ភាព​អវិជ្ជមាន​​ក្នុង​វិស័យ​អចលនទ្រព្យ លោក​ឧកញ៉ា ​​យល់​ថា​​អាច​មក​ពី​វិបត្តិ​កូវីដ-១៩ បញ្ហា​មាន​​វិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ​នៅ​​ប្រទេស​ចិន សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន និង​អតិផរណា​ឡើង​ខ្ពស់។

ដោយឡែក​មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​ឧកញ៉ា​ សង្កេត​ឃើញ​ថា​ មាន​ប្រជាជន​មួយ​ចំនួន​ដែល​ចង់​ទិញ​ផ្ទះ និង​វិនិយោគ​ដីធ្លី នៅ​ឈរ​មើល​គិត​សិន ​ព្រោះ​ពួកគាត់​នៅ​បារម្ភ​​ខ្លាច​មាន​វិបត្តិ​នៅ​ថ្ងៃ​ក្រោយ ឬ​ក៏​ចាំ​ឱ្យ​ចុះ​ថ្លៃ ដើម្បី​ទិញ​បាន​ថោក​ជាង​តម្លៃ​ទីផ្សារ ឬ​អាច​បាន​ចំណេញ​ច្រើន នា​ពេល​ខាង​មុខ។ សម្រាប់​លោក​ឧកញ៉ា សូម​ផ្តល់​ជា​អនុសាសន៍​ថា ទិញ​ឬ​មិន​ទិញ​នៅ​ពេល​នេះ​ គឺ​អាស្រ័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​យើង។ បើ​សិន​យើង​មាន​លទ្ធភាព​គ្រប់គ្រាន់ គឺ​ទិញ​ទៅ​​ មិន​ខុស​នោះ​ទេ នា​ពេល​បច្ចុប្បន្ន​នេះ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ គឺជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ បច្ចុប្បន្ន គម្រោង​ពង្រីក​ទីក្រុង និងកសាងហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់ប្រភេទ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏កំពុងតែ​ដំណើរការយ៉ាងមមាញឹក ដើម្បីឆ្លើយតបនឹង​ចំនួន​ប្រជាជនក្នុងក្រុង កាន់តែកើនឡើងរៀងរាល់ឆ្នាំ។ រាជធានីភ្នំពេញ ត្រូវបានគេព្យាករណ៍​ថា អាចនឹង​កើនចំនួនប្រជាពលរដ្ឋដល់ ២,៥០ លាននាក់ ​នៅ​ឆ្នាំ ២០៣៥ ដែល​នឹង​ធ្វើ​ឱ្យ​មាន​តម្រូវ​ការ​ផ្ទះ​ល្វែង ​និង​​ចរន្តការ​លើ​វិស័យ​អចលនទ្រព្យ​ កាន់​តែ​ខ្លាំង​ក្លា​មួយ​កម្រិត​ថែម​ទៀត៕