លោក វេង សាខុន ជាមន្ត្រីរដ្ឋាភិបាលម្នាក់ដែលត្រូវបាននាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ផ្តល់រហស្សនាមថា ជារដ្ឋមន្រ្តីជិះសេះមើលផ្កា និងស្តីបន្ទោសជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ។
លោក វេង សាខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលចូលកាន់ដំណែងតាំងពីឆ្នាំ២០១៦។ មុនកាន់តំណែងជារដ្ឋមន្ត្រីលោកធ្លាប់ជាអនុរដ្ឋលេខាធិការពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៤ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៦។
លោកត្រូវបានចាត់ទុកជាមន្ត្រីម្នាក់មានបទពិសោធជោគជាំក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្នុងអាណត្តិរដ្ឋមន្រ្តីលោកបានត្រួសត្រាយផ្លូវឱ្យកម្ពុជាបានឈានទៅចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិនក្នុងការនាំចេញស្វាយស្រស់ និងចេកលឿង និងជំរុញការនាំចេញអង្ករទៅទីផ្សារក្រៅប្រទេសជាពិសេសទីផ្សារប្រទេសចិន។
ខាងក្រោមនេះ ជាការងារដែលលោក វេង សាខុន ធ្លាប់កាន់តួនាទីជាច្រើនក្នុងជួររាជរដ្ឋាភិបាល៖
-អគ្គនាយករងនៃអគ្គនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងវារីសាស្ត្រឧតុនិយម នៃក្រសួងកសិកម្ម
-អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងឧតុនិយមនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីឆ្នាំ១៩៩៣-១៩៩៦ ទទួលបន្ទុកកិច្ចការបច្ចេកទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
-អនុប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ នាយកដ្ឋានជលសាស្ត្រ និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកកិច្ចការបច្ចេកទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ១៩៩១-១៩៩៣
-មន្ត្រីទទួលបន្ទុករៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ក្រោមការិយាល័យគ្រប់គ្រងធារាសាស្ត្រ នាយកដ្ឋានជលសាស្ត្រ និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីឆ្នាំ ១៩៨៧-១៩៩១។
រដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន មានដន្លងជាមួយលោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ៕